កាលពីថ្ងៃទី៥ខែតុលា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីឡារីគ្លីនតុនបានថ្កោលទោសដល់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋដូណាលត្រាំ ដែលបានទិញដែកពីប្រទេសចិន ជំនួសទិញពីអាមេរិកសម្រាប់គម្រោងសាងសង់ធំៗចំនួន៣ចុងក្រោយរបស់លោក។
លោកស្រីគ្លីនតុនរិះគន់ថា«យើងបានរកឃើញថា លោកដូណាលត្រាំបានទិញដែកដែលមានតម្លៃថោកពីប្រទេសចិន មិនម៉ែនទិញនៅអាមេរិកនោះឡើយ។ លោកមិនបានគាំទ្រដល់ពលរដ្ឋរបស់យើងឡើយ ដោយគាំទ្រ និងជួយដល់ពលកររបស់ចិនទៅវិញ។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ លោកត្រាំកំពុងតែតំណាងដល់ការខុសឆ្គងក្នុងវិស័យសេដ្ឋកិច្ច របស់យើង»។
នៅក្នុងរបាយការណ៍មួយដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ Newsweek បង្ហាញឲ្យឃើញថា ក្រុមហ៊ុនរបស់មហាសេដ្ឋីដូណាលត្រាំបានទិញដែកថែបពីប្រទេសចិន មិនមែនទិញនៅ Pennsylvania , Ohio , Michigan ឬWisconsin នោះឡើយ។
លោកស្រីគ្លីនតុនបញ្ជាក់ថា «ជាការពិតណាស់លោកត្រាំបានយកប្រាក់ទៅឲ្យចិននេះបានបង្ហាញយ៉ាងច្បាស់ថា លោកនិយាយផ្សេងធ្វើផ្សេង។ សកម្មភាពទាំងនោះបានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនត្រូវបាត់បង់ការងារធ្វើ»។ ប្រសិនបើលោកត្រាំទិញសម្ភារសំណងនៅក្នុងប្រទេសរបស់ខ្លួននោះ វាជារឿងដ៏ប្រសើរសម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិក។
នៅក្នុងព្រឹត្តការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋកំពុងប្រឈមនឹងរឿងអាស្រូវថ្មីមួយទៀតដែលទម្លាយដោយកាសែត New York Times។ តាមឯកសារមួយចុះផ្សាយដោយកាសែត New York Times ឲ្យដឹងថា មហាសេដ្ឋីរូបនេះបានរាយការណ៍ប្រាប់រដ្ឋពីការរកស៊ីខាតចំនួន ៩១៦លានដុល្លារក្នុងឆ្នាំ១៩៩៥។ ទឹកប្រាក់ខាតបង់នេះបានអនុញ្ញាតឲ្យលោកត្រាំរួចពីការបង់ពន្ធលើប្រាក់ចំណូលរយៈពេល១៨ឆ្នាំ។
រឿងអាស្រូវរបស់លោកដូណាល់ ត្រាំដែលទើបបានទម្លាយឲ្យដឹងដោយកាសែត New York Times គឺទាក់ទងនឹងក្រដាសពន្ធចំណូលរបស់លោកដូណាល់ ត្រាំ ក្រោយពីជួបបញ្ហាហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនកាស៊ីណូលោកត្រាំនៅ Atlantic City ក្នុងឆ្នាំ ១៩៩៥។ ផ្អែកតាមឯកសារចុះផ្សាយដោយកាសែត New York Times លោកដូណាល់ត្រាំបានប្រកាសពីការខាតបង់ទឹកប្រាក់ចំនួន ៩១៦លានដុល្លារ។ ជាមួយនឹងការខាតបង់របៀបនេះ លោកត្រាំបានរួចផុតពីការបង់ពន្ធឲ្យរដ្ឋរយៈពេល១៨ឆ្នាំ។ តែបញ្ហានៅត្រង់ថា រឿងអាស្រូវមួយហាក់ដូចជាបង្កប់ដោយភាពមន្ទិលសង្ស័យ ពិសេសភាពកេងបន្លំរបស់លោកត្រាំដើម្បីគេចពីការបង់ពន្ធ។
ប្រតិកម្មពាក់ព័ន្ធនឹងរឿងអាស្រូវថ្មីនេះបានធ្លាក់មកជាបន្តបន្ទាប់ ដោយផ្តើមពីក្រុមលោកដូណាល់ ត្រាំ។ ទីប្រឹក្សារបស់លោកត្រាំ គឺលោករូឌីបានពន្យល់បកស្រាយថា ទង្វើរបស់លោកត្រាំមិនមែនជារឿងខុសច្បាប់ទេ ព្រោះក្នុងនាមជាប្រធានក្រុមហ៊ុន លោកត្រាំអាចនឹងរួចខ្លួនពីការបង់ពន្ធ ឬមួយបង់ពន្ធតិចតួច ប្រសិនបើការរកស៊ីបានឡុងចុង ឬមិនសូវទទួលបានផលចំណេញច្រើន។ តែការអះអាងនេះមិនបានធ្វើឲ្យគណបក្សគូប្រជែង គឺគណបក្សប្រជាធិបតេយ្យជឿបានទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី