ភ្នំពេញ៖ ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏ដូចជាអ្នករស់នៅអមសងខាងផ្លូវបេតុងមួយខ្សែនៅខាងជើងវត្តទួលសុវណ្ណារាមហៅវត្តទួលសង្កែកំពុងរងការខូចក្រហេងក្រហូង ដូចថ្លុកក្របីទៅហើយ សូមអាជ្ញាធរខណ្ឌប្ញស្សីកែវ និងមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញមេត្តាជួយចុះពិនិត្យមើលផងកុំទុកឲ្យផ្លូវមួយខ្សែនេះកាន់តែ ខូចធ្ងន់ធ្ងរអី ។
ទីតាំងផ្លូវមួយខ្សែនេះ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៩០៧ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះចាប់ខូចជាយូរមកហើយ ដោយ កាលពីមុនមានជង្ហុកតូចទេ តែឥឡូវនេះ ជង្ហុកចាប់រីកធំទៅៗ ។ គេមិនដែលឃើញមានមន្រ្តីជំនាញខណ្ឌឬក៏មន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីចុះមកត្រួតពិនិត្យទេ គឺទុកឲ្យផ្លូវនេះខូចកាន់តែខ្លាំងដូចថ្លុកក្របីទៅហើយ ។
លើសពីនេះទៀត អាជ្ញាធរដែនដីមិនធ្លាប់យកចិត្តទុកដាក់រឿងនេះឡើយ គឺទុក ឲ្យផ្លូវខូចក្លាយជាជង្ហុកក្រហេងក្រហូងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពិបាក ខ្លាំងណាស់ ។
ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់ សាលារាជធានីភ្នំពេញ ជាពិសេសសាលា ខណ្ឌប្ញស្សីកែវ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីមេត្តាចុះទៅពិនិត្យមើល និងជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរជាងនេះទៀត ។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញធ្លាប់បានព្រមានត្រង់ៗទៅលើ អភិបាលគ្រប់ខណ្ឌក្រោមឱវាទ គឺតម្រូវ ឲ្យមានការទទួលខុសត្រូវ ជាពិសេសលើ ការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី សម្រួលដល់ការធ្វើចរាចរណ៍ និងការរស់ នៅរបស់ប្រជាពលរដ្ឋ បើការងារនេះធ្វើមិន បានទេ មានន័យថាអសមត្ថភាពដូច្នេះគួរដើរចេញតែម្តងទៅទុកឲ្យគេមានសមត្ថ ភាពធ្វើម្តង ៕
ដោយ៖ ជ្រោយពេជ្រ