ភ្នំពេញ៖ គំនរសំរាមស្អុយគគ្រុក មួយកន្លែងនៅរាយប៉ាយពេញផ្លូវ ដោយ សារឆ្កែ ឆ្មា កណ្តុរ កាយហែក កាកសំណល់ ស៊ីចោលក្លិនឆ្អេះឆ្អាបដកដង្ហើមស្ទើរមិន រួច ។ មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានមើលមិនឃើញទេដឹងទើបបានជាចាត់ការប្រមូល ឬឲ្យក្រុមហ៊ុនស៊ិនទ្រី កើបយកទៅបោះចោលដោយសុខចិត្តទុកនៅលម្អភ្នែក មហាជនឆ្លងកាត់ឲ្យជួយស្រង់ក្លិនរាល់ថ្ងៃ ។ គំនរសំរាមមួយកន្លែងនេះស្ថិតនៅក្បែរ បុរីពិភពថ្មី តាមបណ្តោយផ្លូវបេតុង ភូមិ គោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ដល់ក្រុម ហ៊ុនប្រមូលសំរាមស៊ិនទ្រីថា មិនបានគិតពីផលប៉ះពាល់បរិស្ថាននិងសុខភាពពួកគេឡើយបានជាមិនមកកើបយកទៅបោះ ចោលរហូតបង្កឲ្យមានក្លិនឆ្អេះឆ្អាបយ៉ាងដូច្នេះ ។
នៅទីនោះប្រជាពលរដ្ឋបានសរសេរ អក្សរធំៗដាក់នៅក្បែរគំនរសំរាមថា សូម ឈប់ចោលសំរាមនៅទីនេះទៀតផ្លូវនេះ បិទដោយសារអ្នកភូមិគោកឃ្លៀងចាក់ សំរាមអាជ្ញាធរត្រូវតែដោះស្រាយ ខ្ញុំក៏ចេះ ស្អុយដែរ តើអ្នកមានខួរក្បាលឆ្កែឬ?
តាមសម្ដីលោក ពៅ ហីុម អាយុ ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាមមួយនេះបាននិយាយថា ក្រុមហ៊ុនស៊ិនទ្រី មិន បានមកប្រមូលសំរាមយូរថ្ងៃមកហើយ ទើបធ្វើឲ្យសំរាមកើនឡើងកាន់តែច្រើន ឡើងៗ និងធ្វើឲ្យរាយប៉ាយចោលក្លិន អសោចពេញផ្លូវ ។ ជាទូទៅមានអាជីវករ លក់ដូរនៅក្បែរនោះ និងប្រជាពលរដ្ឋក្នុង ភូមិតែងតែយកសំរាមទៅបោះចោលនៅ ទីនោះដែលស្ទើរតែក្លាយជាទីលានចាក់ សំរាមទៅហើយ ។
ចំណែកអាជ្ញាធរដែនដីវិញ ហាក់ដូច ជាមិនអើពើ ជួយជំរុញឲ្យក្រុមហ៊ុនស៊ិនទ្រី រួសរាន់ទៅប្រមូលទេ គឺសុខចិត្តជិះម៉ូតូ ឆ្លងកាត់យកដៃខ្ទប់ច្រមុះហួសទៅហួសមក ។
ប្រជាពលរដ្ឋសំណូមពរដល់អាជីវករ ឬក៏ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំយក សំរាមទៅដាក់នៅទីនោះទៀត ហើយអាជ្ញា ធរដែនដីសូមមេត្តាចាត់វិធានការឲ្យក្រុម ហ៊ុនស៊ិនទ្រីមកប្រមូលសំរាមនៅកន្លែង រាល់ថ្ងៃផងបើពុំដូច្នេះទេពីរ បីថ្ងៃទៀតនឹង ក្លាយជាមានដង្កូវវារចេញពេញផ្លូវទាក់ ភ្នែកអ្នកទេសចរមិនខានឡើយ ៕
ដោយ៖ នរិន្ទ្រ