ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ កំពុងកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិទៅកាន់សិង្ហបុរី ដើម្បីផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងជុំវិញបញ្ហាផ្សែងអ័ព្ទឆ្លងដែន ដែលបណ្តាលមកពីភ្លើងឆេះព្រៃក្នុងតំបន់។
ប្រធានទីភ្នាក់ងារ SKK Migas ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកត្រួតពិនិត្យវិស័យប្រេង និងឧស្ម័ន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ឥណ្ឌូណេស៊ីនឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅសិង្ហបុរីសរុបចំនួន ៣១ លានហ្វីតគូបស្តង់ដារក្នុងមួយថ្ងៃ។
លោក Djoko Siswanto ប្រធាន SKK Migas បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការផ្គត់ផ្គង់ឧស្ម័នចំនួន ១៥ លានហ្វីតគូបស្តង់ដារក្នុងមួយថ្ងៃពីតំបន់ Natuna ក្នុងប្រជុំកោះ Riau របស់ឥណ្ឌូណេស៊ី នឹងត្រូវកាត់បន្ថយ ខណៈ ១៦ លានហ្វីតគូបស្តង់ដារក្នុងមួយថ្ងៃទៀត នឹងត្រូវកាត់បន្ថយពីកោះស៊ូម៉ាត្រា។
លោកបានឱ្យដឹងថា វិធានការនេះត្រូវបានអនុវត្ត «ដើម្បីរក្សាភាពជឿទុកចិត្តបាននៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុកសម្រាប់ផលិតអគ្គិសនី»។
លោកបានបន្ថែមថា៖ «យើងនឹងបន្តតាមដានការវិវត្តនៃស្ថានការណ៍ជារៀងរាល់ថ្ងៃ»។
បច្ចុប្បន្ន សិង្ហបុរីគឺជាប្រទេសតែមួយគត់ដែលរងផលប៉ះពាល់ពីការកាត់បន្ថយនេះ។ ឥណ្ឌូណេស៊ីគឺជាប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិសំខាន់មួយរបស់សិង្ហបុរី ដោយបានផ្គត់ផ្គង់ឧស្ម័នចំនួន ១៤៥,៣ ពាន់លានហ្វីតគូបក្នុងឆ្នាំ២០២៤ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA)។
អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បានឱ្យដឹងថា ការកាត់បន្ថយការផ្គត់ផ្គង់សរុបនេះ មានចំនួនតិចជាង ២% នៃតម្រូវការឧស្ម័នប្រចាំថ្ងៃសរុបរបស់ប្រទេសដែនកោះមួយនេះ។
EMA បានថ្លែងក្នុងសេចក្តីប្រកាសផ្ញើទៅ AFP ថា៖ «EMA យល់ថា ក្រុមហ៊ុននាំចូលរបស់យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយសមស្របដែលមានចែងក្នុងកិច្ចសន្យា ដើម្បីដោះស្រាយបញ្ហាការរំខានដល់ការផ្គត់ផ្គង់ឧស្ម័ននេះ»។
អាជ្ញាធរនេះបានបន្ថែមថា៖ «យើងមានផែនការបម្រុងទុករួចជាស្រេច ដើម្បីដោះស្រាយការកាត់បន្ថយការផ្គត់ផ្គង់បែបនេះ»។
ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ននេះ កើតឡើងចំពេលមានភាពតានតឹងផ្នែកការទូតរវាងឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនក្នុងតំបន់ ជុំវិញផ្សែងអ័ព្ទពីភ្លើងឆេះព្រៃនៅលើកោះ Borneo និងកោះស៊ូម៉ាត្រា ដែលបានរាលដាលទៅគ្របដណ្តប់ទីក្រុងនានាក្នុងប្រទេសជិតខាង។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី លោក Bahlil Lahadalia បាននិយាយថា លោកកំពុងពិចារណាកាត់បន្ថយការនាំចេញឧស្ម័ន ដើម្បីផ្តល់អាទិភាពដល់ការប្រើប្រាស់ក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកបានព្រមានថា ទីក្រុងហ្សាការតានឹងចាត់វិធានការលើប្រទេសដែល «មិនគោរព» ឥណ្ឌូណេស៊ី។
កាលពីថ្ងៃពុធ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានរិះគន់ «ប្រទេសដែលចូលចិត្តប្រមាថ» ប្រទេសរបស់លោក ពាក់ព័ន្ធនឹងវិបត្តិផ្សែងអ័ព្ទនេះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយឡើយ។
ប្រទេសយក្សនៅអាស៊ីអាគ្នេយ៍មួយនេះ បានប្រឈមនឹងការលំបាកអស់រយៈពេលជាច្រើនខែក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ។ យោងតាមអង្គការតាមដានការកាប់បំផ្លាញព្រៃឈើ Nusantara Atlas ភ្លើងឆេះបានបំផ្លាញផ្ទៃដីជាង ១,៩ លានហិកតា ក្នុងរយៈពេល៩ខែ គិតត្រឹមខែកញ្ញា។
ផ្សែងអ័ព្ទបានធ្វើឱ្យកម្រិតបំពុលខ្យល់កើនឡើងដល់កម្រិតគ្រោះថ្នាក់ មិនត្រឹមតែនៅឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅសិង្ហបុរី ម៉ាឡេស៊ី និងទីម័រខាងកើតផងដែរ។ ស្ថានការណ៍នេះបានជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) កោះប្រជុំដើម្បីពិភាក្សាអំពីវិបត្តិនេះ។
ចំណែកសិង្ហបុរី បានសន្យាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះភ្លើងឆេះព្រៃទាំងនេះ៕










