ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មាន បានជំរុញឱ្យមានការពិនិត្យ និងបែកចែកឱ្យបានច្បាស់លើព័ត៌មានពិតនិងមិនពិត ដោយថាមិនមែនរាល់ព័ត៌មានដែលរិះគន់រដ្ឋាភិបាល និងមនុស្សណាម្នាក់មិនពេញចិត្តនោះសុទ្ធតែជាព័ត៌មានក្លែងក្លាយនោះទេ។
ជាក់ស្ដែងលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា ការពិនិត្យលើព័ត៌មានណាមួយជាមួយព័ត៌មានមិនពិត គឺត្រូវផ្អែកលើអង្គហេតុ និងការពិនិត្យថា តើព័ត៌មាននោះត្រូវបានបង្កើតឡើង កែប្រែ បំភ្លៃ ឬយកព័ត៌មានចាស់មកដាក់ក្នុងបរិបទថ្មី។
លោកថា៖ «មិនមែនរាល់ព័ត៌មានដែលមនុស្សម្នាក់មិនពេញចិត្ត ឬរាល់មតិយោបល់ដែលខុសពីទស្សនៈរបស់ខ្លួន សុទ្ធតែជាព័ត៌មានក្លែងក្លាយនោះទេ»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ពិសេសអ្នកដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយព័ត៌មាន ត្រូវពិនិត្យប្រភព ផ្ទៀងផ្ទាត់អង្គហេតុ និងស្វែងយល់ពីបរិបទឱ្យបានច្បាស់លាស់មុននឹងបង្ហោះ ឬចែករំលែកព័ត៌មានណាមួយ ដើម្បីចៀសវាងការក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កការយល់ច្រឡំនិងប៉ះពាល់ដល់សិទ្ធិ សេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។
បើតាមលោករដ្ឋមន្ត្រី ការបង្ហោះចែករំលែកព័ត៌មានមិនមែនជាអំពើខុសច្បាប់នោះទេ ប៉ុន្ដែអ្វីដែលអាចធ្វើឱ្យមានទំនាស់ផ្លូវច្បាប់នោះគឺអាស្រ័យលើខ្លឹមសារ ចេតនា ផលប៉ះពាល់ និងបទបញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ៕
ដោយ៖តារា










