ភាគហ៊ុនក្រុមហ៊ុនមនុស្សយន្តចិន Unitree កើនជាង ៦០% ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ ទោះព្រមានពីហានិភ័យឧស្សាហកម្មក៏ដោយ

ចែករំលែក៖

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតមនុស្សយន្តចិន Unitree Robotics បានកើនឡើងជាង ៦០% ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ ដោយសារការរំពឹងទុកកាន់តែខ្លាំងលើទីផ្សារមនុស្សយន្តរូបរាងមនុស្ស។ ទោះយ៉ាងណា ក្រុមហ៊ុនបានព្រមានវិនិយោគិនអំពីហានិភ័យនៃឧស្សាហកម្មដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនេះ។

ភាគហ៊ុន Unitree ដែលចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃ បានកើនឡើង ៧,៧% កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា មុននឹងធ្លាក់ចុះប្រហែល ១% នៅព្រឹកថ្ងៃអង្គារ។ តម្លៃបិទកាលពីថ្ងៃចន្ទមានចំនួន ៦៧២ យន់ កើនពី ៤០៥,១០ យន់ កាលពីថ្ងៃទី១៥ ខែតុលា។

ការកើនឡើងនេះកើតឡើងបន្ទាប់ពីធនាគារវិនិយោគអាមេរិក JPMorgan បានដំឡើងចំណាត់ថ្នាក់ភាគហ៊ុន Unitree ពី «Underweight» ទៅ «Overweight» ដែលបង្ហាញថា ធនាគាររំពឹងថាក្រុមហ៊ុនអាចមានលទ្ធផលល្អជាងការរំពឹងទុក។ JPMorgan ក៏បានដំឡើងតម្លៃគោលដៅភាគហ៊ុនពី ៣០០ យន់ ទៅ ៩៩៥ យន់ផងដែរ។

ការដំឡើងចំណាត់ថ្នាក់នេះធ្វើឡើងក្រោយស្ថាបនិក Unitree លោក Wang Xingxing បានលើកឡើងកាលពីសប្តាហ៍មុនថា របកគំហើញសំខាន់ក្នុងវិស័យ AI ដែលអាចធ្វើអន្តរកម្មជាមួយពិភពរូបវន្ត អាចកើតឡើងនៅឆ្នាំក្រោយ ដែលលឿនជាងការប៉ាន់ស្មានមុនៗដែលអាចត្រូវការរហូតដល់មួយទសវត្សរ៍។

Unitree ព្រមានពីហានិភ័យទីផ្សារ

ចិនបានកំណត់វិស័យមនុស្សយន្តរូបរាងមនុស្សជាអាទិភាពយុទ្ធសាស្ត្រ ដើម្បីឈានទៅក្លាយជាប្រទេសនាំមុខគេលើពិភពលោក។ ក្រុមហ៊ុនចិនបានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិជាមួយមនុស្សយន្តដែលអាចរត់ រាំ និងធ្វើក្បាច់គុន ខណៈកំពុងពង្រីកការប្រើប្រាស់ក្នុងរោងចក្រ ឃ្លាំង និងតាមគេហដ្ឋាន។

ធនាគារ Morgan Stanley ប៉ាន់ប្រមាណថា ទីផ្សារមនុស្សយន្តរូបរាងមនុស្សរបស់ចិននឹងមានតម្លៃ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ហើយអាចកើនដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០។

ទោះបីមានការរំពឹងទុកខ្ពស់ក៏ដោយ Unitree បានអំពាវនាវឱ្យវិនិយោគិនប្រុងប្រយ័ត្នចំពោះសក្តានុពលពាណិជ្ជកម្មរបស់មនុស្សយន្តប្រភេទនេះ។

កាលពីថ្ងៃទី២១ ខែតុលា ក្រុមហ៊ុនបានចេញសេចក្តីជូនដំណឹងទៅផ្សារហ៊ុន បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនកើនឡើងជាង ៣០% ក្នុងរយៈពេលជួញដូរ ៣ វគ្គ។

ក្រុមហ៊ុនបានបញ្ជាក់ថា ឧស្សាហកម្មមនុស្សយន្តរូបរាងមនុស្សនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការធ្វើពាណិជ្ជកម្ម ហើយនៅមានភាពមិនច្បាស់លាស់ទាក់ទងនឹងភាពចាស់ទុំផ្នែកបច្ចេកវិទ្យា ការបង្កើតតម្រូវការទីផ្សារ និងសមត្ថភាពគាំទ្ររបស់ខ្សែសង្វាក់ឧស្សាហកម្ម។ ដូច្នេះ វិនិយោគិនគួរពិចារណាហានិភ័យ និងធ្វើសេចក្តីសម្រេចចិត្តដោយសមហេតុផល។

Unitree បានចូលផ្សារហ៊ុនសៀងហៃកាលពីខែសីហា ដោយតម្លៃភាគហ៊ុននៅថ្ងៃដំបូងខ្ពស់ជាងតម្លៃ IPO ដល់ទៅ ៦២៩%។ ទោះបីភាគហ៊ុនបានកើនឡើងខ្លាំងក្នុងពេលថ្មីៗនេះក៏ដោយ តម្លៃរបស់វានៅតែទាបជាងតម្លៃនៅថ្ងៃចូលផ្សារហ៊ុនដំបូង។

...

នៅពេលចុះបញ្ជីភាគហ៊ុន លោក Wang បាននិយាយថា ឧស្សាហកម្មនេះកំពុងខិតជិតដល់ «ពេលវេលា ChatGPT» សម្រាប់បច្ចេកវិទ្យា AI ដែលអាចយល់ដឹង និងធ្វើសកម្មភាពក្នុងពិភពរូបវន្ត។ លោករំពឹងថា មនុស្សយន្តនឹងអាចធ្វើការក្នុងបរិយាកាសមិនធ្លាប់ស្គាល់ និងបំពេញកិច្ចការភាគច្រើនតាមរយៈការណែនាំសាមញ្ញដោយសំឡេង ឬអត្ថបទ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print