កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌរដ្ឋបាលជលផលកំពង់សោមបង្ក្រាបកូនក្រែងឈាម(ងាវ) ប្រមាណជាង៥០០គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះសីហនុ÷ កូនក្រែងឈាម(ងាវ) ប្រមាណជាង៥០០គីឡូក្រាម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះថ្មី និងកម្លាំងប៉ុស្តិ៍អំពូខ្មៅ សហការជាមួយកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ចុះបង្ក្រាបបាននៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ តុលា ២០២៦ នៅចំណុចកោះខ្យង ឃុំអូរជ្រៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

ក្រោយពីលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានបទល្មើសអូសកូនក្រែងឈាម លោកអភិបាលក្រុង បានចាត់ឲ្យកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ធ្វើការចុះបង្ក្រាបជាក់ស្តែង និងរឹបអូសបានកូនក្រែងឈាមប្រមាណ៥០០ ទៅ៦០០គីឡូក្រាម មានទំហំតូចៗ ដែលបង្កប់លើកូនទូក បំណងដឹកចេញពីតំបន់កោះខ្យង នៃទឹកដីខេត្តព្រះសីហនុ យកទៅលក់ឲ្យប្រទេសជិតខាង(វៀតណាម) ខណៈជនសង្ស័យបានរត់គេចខ្លូនបាត់ ។

 

បន្ទាប់ពីដកហូតកូនក្រែងឈាមបានភ្លាម លោកអភិបាលក្រុងកំពង់សោម និងកម្លាំងចម្រុះ បាននាំយកទៅប្រលែងនៅក្នុងដែនសមុទ្រវិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។ កូនក្រែងដែលបង្ក្រាបបានខាងលើនេះ គឺជាប្រភេទកូនក្រែងឈាម ដែលច្បាប់ជលផលហាមឃាត់នេសាទជាដាច់ខាត! ព្រោះវាមានលក្ខណៈតូចពេក គឺចាប់ពីប៉ុនជើងធូប រហូតដល់ប៉ុនចុងចង្កឹះ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print