ភ្នំពេញ៖ លោក សេង សក្ដា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងារ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនិយោជក។
ក្នុងឱកាសនោះ លោក សេង សក្ដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១០ខែកន្លងមក ដើម្បីពិភាក្សារកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា និងការកំណត់ទិសដៅការងារបន្តឱ្យបានច្បាស់លាស់។
លោករដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ការងារទាំងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការជួយដល់ជនរងគ្រោះ។
ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចាត់វិធានការការពារ និងទប់ស្កាត់ ព្រមទាំងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ ដើម្បីចូលរួមការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលករខ្មែរ ព្រមទាំងជនដែលអាចរងគ្រោះពីអំពើទាំងនេះ៕ដោយ៖តារា
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
សម្ដេចធិបតី ថ្លែងថា «ធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្សគឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព»។
សម្ដេចធិបតី ថ្លែងថា ធនធានមនុស្ស មានគោលដៅតែបីទេសម្រាប់រាជរដ្ឋាភិបាល ទី១សុខភាព ទី២ចំណេះដឹង និងបំណិន និងទី៣ ជីវភាព ដោយផ្ដោតខ្លាំងទៅលើការងារដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះរដ្ឋាភិបាលមិនអាចបង្កើតមនុស្សចិញ្ចឹមមនុស្ស ហើយប្រជាពលរដ្ឋក៏មិនត្រូវការរដ្ឋចិញ្ចឹមដែរ ត្រូវការតែឱកាសទី១ សុខភាពបើឈឺមានពេទ្យ, ទី២ សុំមានឱកាសដើម្បីរៀន ចំណេះទូទៅ ឬបំណិននៅ TVET, និងទី៣ បង្កើតបរិស្ថានដែលគាត់អាចចិញ្ចឹមជីវិតបាន។
សម្ដេចធិបតី ថ្លែងថា វិស័យសង្គមកិច្ច គឺជាវិស័យអាទិភាពធំ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចាប់ទាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលក្រោម នយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ដែលជាវិស័យទទួលនូវការចំណាយថវិកាធំរបស់ជាតិ សូម្បីតែវិស័យការពារជាតិក៏ចំណាយមិនដល់វិស័យសង្គមកិច្ចនេះដែរ។
សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា នៅក្នុងអាណត្តិទី៧នេះ សម្ដេចបានដាក់ចេញនូវវិធានគន្លឹះចំនួន៥ ហើយវិធានគន្លឹះទី២ គឺការពង្រឹងការកែទម្រង់វិស័យអប់រំ ដែលផ្ដោតសំខាន់ទៅលើការអប់រំមូលដ្ឋាន។
សម្ដេចធិបតី ថ្លែងថា ក្នុងចំនួបរវាងសម្ដេចជាមួយ លោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា កាលពីម្សិលមិញ សំណួរតែមួយដែលសម្ដេចបានសួរ គឺចីរភាពនៃការងារ និងការចូលរួមដោយស្ម័គ្រចិត្តនូវកម្មវិធី និងរូបមន្តថ្មី។ សម្ដេចបន្តថា រដ្ឋាភិបាល ក្រសួងអប់រំដាក់បទបញ្ជាជារឿងមួយ ប៉ុន្ដែបើមិនមានការចូលរួមពីនាយក ពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង ពីសិស្ស ពីឪពុកម្ដាយទេ គឺមិនមានចីរភាពទេ។
សម្ដេចធិបតី ថ្លែងថា មានសាលារៀនមួយនៅខេត្តស្វាយរៀង ពីសាលាដែលឪពុកម្ដាយអត់ចង់ឱ្យកូនមករៀន មកពីសាលាមានវិន័យលំបាក ហើយគ្រូនាយកឡើងទៅធ្វើគ្មានថវិកាថែមទៀត រួមទាំងអត់សហគមន៍ ប៉ុន្ដែនាយកសាលានៅតែបន្តពង្រឹង និងខិតខំធ្វើ ចុងក្រោយឪពុកម្ដាយបកមកជួយដល់សាលាវិញ។
សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា៖«គោលគំនិតធំរបស់ខ្ញុំ មិនត្រូវបង្កើតស្ដង់ដារពីរនៅក្នុងសាលារបស់រដ្ឋនោះទេ ប៉ុន្ដែត្រូវរកវិធីសាស្រ្ដដែលល្អ ដើម្បីឱ្យសាលាទាំងអស់ទៅជាសាលាដែលមានសមត្ថភាព និងជាសាលាដែលជាគំរូគ្រប់សាលាទាំងអស់ នេះគឺជាគោលដៅ»។
– សម្ដេចធិបតី ថ្លែងថា ៤០ឆ្នាំមកនេះ វិស័យអប់រំកម្ពុជា ត្រូវបានកែសម្រួល ពង្រឹង តាំងពីអត់អីមកបានប៉ុណ្ណេះ ប៉ុន្តែយើងអត់អាចនៅស្ងៀមទេ បន្តវាយតម្លៃជាប្រចាំ កែទម្រង់ជាប្រចាំ ជាពិសេស ក្នុងដំណាក់កាលដែលពិភាពលោកដើរកាន់តែលឿន។ សូម្បីប្រទេសមហាអំណាចក៏កំពុងវាយតម្លៃកែសម្រួលប្រព័ន្ធអប់រំដែរ។ បណ្ដាប្រទេសអាស៊ាន ក៏កំពុងធ្វើ។ ប្រព័ន្ធដែលដើរ១០-២០ឆ្នាំហើយ ឥឡូវវាលែងដើរ។ ដើម្បីឱ្យទាន់សភាពការណ៍ ត្រូវកែ។ បើយើងឈប់គឺចប់ហើយ។
សម្ដេចធិបតី ថ្លែងថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ យើងត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស។ សម្ដេចបន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានជំនាន់ថ្មីផង មានសាលាគំរូផង តាមពិតមិនមានទេ គឺមានតែ «សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស» នេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។
– សម្ដេចធិបតី ថ្លែងថា ឥឡូវ រាជរដ្ឋាភិបាលដាក់ទិសដៅជំរុញពង្រីកអគារសិក្សានៅថ្នាក់អនុវិទ្យាល័យ ដើម្បីជំរុញប្រសិទ្ធភាពការបង្រៀន ព្រោះថ្នាក់រៀនខ្លះ មួយថ្នាក់៨០នាក់ឯណោះ ខ្លះច្រើនជាងនេះទៀត។ មួយថ្នាក់លើស៥០នាក់តិចតួច ប្រសិទ្ធភាពសឹងតែថយហើយ។
សម្ដេចធិបតី ថ្លែងថា ការដោះស្រាយបញ្ហាខ្វះអគារសិក្សា, សម្ដេចបានឱ្យឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអប់រំធ្វើឡើងបច្ចុប្បន្នភាពជូនសម្ដេច ហើយក្រុមការងារពាក់ព័ន្ធលើការអនុវត្តការងារនេះ សម្ដេចបានណែនាំរួចហើយ ដើម្បីធ្វើការងារជាមួយគ្នា ក្នុងនោះត្រូវឱ្យដឹងសិនថា តើសាលាទាំងអស់បច្ចុប្បន្នមានប៉ុន្មាន នៅកន្លែងណាខ្លះ ហើយមួយកន្លែងៗមានសិស្សប៉ុន្មាន មានអគារថ្នាក់រៀនប៉ុន្មាន ហើយសមមាត្ររវាងចំនួនសិស្ស ទៅនឹងបន្ទប់ចំនួនប៉ុន្មាន។
– សម្ដេចធិបតី ថ្លែងថា និយាយពីវិស័យអប់រំ គឺបញ្ហាសព្វថ្ងៃមានពីរ ១- ខ្វះអគារ ២- ខ្វះគ្រូ។ ឥឡូវរាជរដ្ឋាភិបាលកំពុងឱ្យក្រសួងធ្វើបច្ចុប្បន្នភាព ថាតើសាលាទាំងអស់មានប៉ុន្មាន នៅកន្លែងណាខ្លះ មួយកន្លែងៗ មានសិស្សប៉ុន្មាន អគារថ្នាក់រៀនប៉ុន្មាន? សមមាត្ររវាងសិស្ស និងបន្ទប់? យើងខិតខំធ្វើហើយ តែល្បឿនយឺតជាងប្រជាជន ដែលកាន់តែមានការកើនឡើង។
សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ក្នុងការកសាងសង់សាលារៀននៅមូលដ្ឋានបណ្ដារាជធានី ខេត្ត ប៉ុន្ដែល្បឿននៃការកសាងនេះយឺតជាងល្បឿននៃកំណើនរបស់ប្រជាជន ដូច្នេះរដ្ឋាភិបាលត្រូវដាក់គោលនយោបាយឱ្យចំគោលដៅតែម្ដង ខណៈសាលារៀនសម្ដេចបានឱ្យកែទម្រង់ឱ្យ គឺឱ្យមានស្ដង់ដាតែមួយនៅគ្រប់កន្លែងទាំងអស់។
សម្ដេចធិបតី ថ្លែងថា៖«ខ្ញុំសូមឱ្យលោកគ្រូ អ្នកគ្រូ ទាំងនៅទីនេះ និងនៅទូទាំងប្រទេស ទាំងប្រជាពលរដ្ឋ មាតាបិតា សូមយោគយល់ សាលាឥឡូវយើងមានតែមួយស្ដាង់ដារទេ គំរូតែមួយ ធ្វើតែមួយ ធ្វើនៅក្រុង ១០ម៉ឺន ធ្វើនៅខេត្ត ១០ម៉ឺន ធ្វើនៅជនបទ ១០ម៉ឺន» ដើម្បីពន្លឿននៅក្នុងការពង្រាយសាលារបស់យើង។
សម្ដេចធិបតី ថ្លែងថា ការរៀបចំជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា គឺដើម្បីដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន ខណៈបញ្ហានេះមានទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់តាមរយៈការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងនេះដោយប្រឡងជ្រើសរើសគ្រូដែលមានគុណវុឌ្ឍិ។
សម្ដេចធិបតី ថ្លែងរម្លឹកថា កាលរៀនសូត្រនៅជំនាន់ឆ្នាំ១៩៨០ គឺរៀនមួយថ្ងៃ ៨ម៉ោង ព្រឹកម៉ោង៧ដល់ម៉ោង១១ ចំណែករសៀលម៉ោង១ដល់ម៉ោង៥ល្ងាច, នៅមានការរៀនបន្ថែមម៉ោងទៀត។
– សម្ដេចធិបតី ថ្លែងបន្តថា អីចឹង យើងឃើញថា សមត្ថភាព និងភាពច្បាស់លាស់របស់សិស្ស គឺមានភាពទំនាក់ទំនងជាវិជ្ជមានជាមួយនឹងម៉ោងនៅក្នុងសាលា, ដូច្នេះសម្ដេចបានដាក់ទិសដៅទៅដល់សាលារដ្ឋថ្ងៃក្រោយត្រូវរៀន ៦ម៉ោង ក្នុងមួយថ្ងៃបន្ថែមពីរៀន ៤ម៉ោងដោយស្វ័យប្រវត្តិ ដើម្បីឱ្យសិស្សមានឱកាសរៀនសូត្របានច្រើនបន្ថែមទៀត។
– សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា គិតគូរបន្ថែមម៉ោងសិក្សាសិស្សដល់៦ម៉ោង ខណៈដែលការស្ទង់មតិដោយផ្ទាល់ជាមួយគ្រូបង្រៀន ដែលសម្ដេចបានជួបកាលពីម្សិលមិញ គឺទទួលបានការគាំទ្រ។ ថែមម៉ោងសិក្សា គឺផ្ដោតលើអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ។
សម្ដេចធិបតី ថ្លែងថា៖«យើងត្រូវតែពង្រីកម៉ោងសិក្សា, សម្ដេចបានណែនាំឱ្យក្រសួងអប់រំធ្វើផែនការពង្រីកម៉ោងសិក្សា ដោយពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច ដោយត្រូវចំណាយតិច តែពង្រីកអាទិភាពលើការបង្រៀនសិស្សបានធំ គឺម៉ោងសិក្សា។
– សម្ដេចធិបតី ថ្លែងបន្តថា ការពង្រីកម៉ោងសិក្សាចំណេញពីរ ទីមួយថែមម៉ោងសិស្សអាចសួរ និងថែមមេរៀនដល់សិស្ស ព្រោះឥឡូវនេះផ្ដោតលើគណិតវិទ្យា និងអក្សរសាស្រ្ដខ្មែរ។ ទី២ ពេលសិស្សនៅក្នុងសាលាឪពុកម្ដាយលែងសូវលំបាក ហើយសិស្សគ្មានពេលទៅធ្វើទង្វើខុសឆ្គងផ្សេងៗ។
សូមជម្រាបជូនថា នេះជាលើកទី៤ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង ចិត្តមួយ ដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។ ឆ្នាំ ២០២៦នេះ សម្តេចមហាបវរធិបតី បានជួបសិស្សនិទ្ទេស A ចំនួនពីរលើក។ លើកទី១ កាល ពីថ្ងៃទី១០ ខែកុម្ភៈ ហើយលើកទី២នៅព្រឹកថ្ងៃទី២៨ ខែតុលា។ ជំនួបកាលពីថ្ងៃទី១០ ខែ កុម្ភៈ ជាការជួបសិស្សនិទ្ទេស A ប្រឡងថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥។ តាមធម្មតាត្រូវ ជួប ចុងឆ្នាំ២០២៥ តែដោយសារឆ្នាំ២០២៥ កម្ពុជា ជួបផលលំបាកពីសង្គ្រាមឈ្លាន ពាន របស់ ថៃ ក៏លើកមកដើមឆ្នាំ២០២៦។ សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានសិស្សប្រឡងជាប់សរុប បេក្ខជនបានប្រឡង ជាប់ សរុប ១២៥.៩៧៥នាក់ ស្រី ៧៤.៩៨២នាក់ ស្មើនឹង ៨៤,០៦ភាគរយ៕
ដោយ៖តារា










