Update៖ ករណីឃាតកម្មដោយចេតនាបើកឡានបំបុកជនរងគ្រោះបណ្តាលអោយស្លាប់នៅស្រុកបរសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិវៀតណាមម្នាក់ស្លាប់ ក្រោយត្រូវរថយន្ត Toyota Alphard បុកផ្ទប់នឹងជញ្ជាំងផ្ទះ ខណៈភរិយាសពអះអាងថា មូលហេតុផ្តើមពីការយកគ្រឿងញៀនក្នុងវ៉ាលីសទៅដុតចោល។

 

បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីត្រូវបានបុរសម្នាក់បើករថយន្តម៉ាក Toyota Alphard បុកផ្ទប់នឹងជញ្ជាំងទ្វារកញ្ចក់ផ្ទះ បន្ទាប់ពីមានជម្លោះប្រតាយប្រតប់គ្នា នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកបរសេដ្ឋបាន ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះមាន ឈ្មោះ ថាន់ ឌិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម។ ចំណែកបុរសដែលសមត្ថកិច្ចកំណត់អត្តសញ្ញាណជាជនសង្ស័យមានឈ្មោះ ទិត្យ ធារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅរាជធានីភ្នំពេញនិងមានបក្ខពួកម្នាក់ទៀត អ្នកទាំងពីរបានធ្វើដំណើរតាមរថយន្តម៉ាក Toyota Alphard ពណ៌ស ពាក់ស្លាកលេខ កម្ពុជា 518។

 

តាមរបាយការណ៍បឋម មុនពេលកើតហេតុ ជនសង្ស័យនិងបក្ខពួកបានទៅជួបជនរងគ្រោះនៅផ្ទះ រួចក៏មានការឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នាមួយសន្ទុះ។ បន្ទាប់មក ជនសង្ស័យឈ្មោះ ទិត្យ ធារិទ្ធ បានឡើងបើក រថយន្តបំបុកជនរងគ្រោះផ្ទប់នឹងជញ្ជាំងទ្វារកញ្ចក់បណ្តាលឱ្យស្លាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់។

 

ចំណែកមូលហេតុនៃជម្លោះ ភរិយាជនរងគ្រោះបានបំភ្លឺថា កន្លងមក មានការផ្ញើវ៉ាលីសមួយពីប្រទេសថៃមកទុកនៅផ្ទះរបស់នាង។ តាមការរៀបរាប់របស់នាង ស្វាមីនាងបានបើកវ៉ាលីសពិនិត្យ ហើយបានប្រទះឃើញសារធាតុដែលនាងអះអាងថាជាគ្រឿងញៀននៅខាងក្នុង។ បន្ទាប់មក ស្វាមីរបស់នាងបានយកសារធាតុទាំងនោះទៅបោះចោល។

 

ភរិយាជនរងគ្រោះបានអះអាងបន្តថា ក្រោយពីស្វាមីបានយកសារធាតុទាំងនោះទៅបោះចោលក៏មានហេតុការណ៍ជម្លោះកើតឡើង ហើយបុរសដែលនាងសង្ស័យខាងលើបានបើករថយន្តបំបុកសម្លាប់ស្វាមីរបស់នាងតែម្តង។ នាងសង្ស័យថា ការបោះចោលសារធាតុទាំងនោះអាចជាមូលហេតុនាំឱ្យកើតមានអំពើហិង្សានេះ។

 

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភារីមានជ័យចុះពិនិត្យនិងហ៊ុមព័ទ្ធកន្លែងកើតហេតុ ព្រមទាំងប្រមូលព័ត៌មាននិងភស្តុតាងពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។

 

យ៉ាងណាក៏ដោយ ការអះអាងរបស់ភរិយាជនរងគ្រោះអំពីគ្រឿងញៀននិងមូលហេតុនៃការសម្លាប់នេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចនៅឡើយទេ។ សមត្ថកិច្ចត្រូវការស្រាវជ្រាវបន្ថែម ដើម្បីផ្ទៀងផ្ទាត់ប្រភពសារធាតុក្នុងវ៉ាលីស និងមូលហេតុពិតប្រាកដនៃអំពើឃាតកម្មនេះ។

 

សាធារណជនកំពុងរង់ចាំលទ្ធផលនៃការស្រាវជ្រាវ ដើម្បីឱ្យការពិតត្រូវបានបង្ហាញ និងអ្នកដែលមានការពាក់ព័ន្ធត្រូវទទួលខុសត្រូវតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print