ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងជិតទ្វេដងក្នុងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយលទ្ធផលនេះខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារ និងជាកំណើនខ្លាំងបំផុតក្នុងរយៈពេលជាង ៥០ឆ្នាំ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
ការនាំចេញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅអាស៊ី និងជាសូចនាករដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក បានកើនឡើង ៩៣,៧% ក្នុងខែតុលា ដល់ ១១៥,២៨ ពាន់លានដុល្លារ។ តួលេខនេះខ្ពស់ជាងការព្យាករណ៍ជាមធ្យមចំនួន ៩៣,២% របស់ក្រុមអ្នកសេដ្ឋកិច្ច ដែលបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បន្តិច។
កំណើននេះត្រូវបានជំរុញដោយកត្តាប្រតិទិនអំណោយផល ពោលគឺមានចំនួនថ្ងៃធ្វើការច្រើនជាងមុន ដោយសារភាពខុសគ្នានៃពេលវេលានៃពិធីបុណ្យ Chuseok ក្នុងស្រុក។ កំណើននេះក៏ខ្ពស់ជាងកំណើន ៨៣,៧% ក្នុងខែកញ្ញា ហើយជាកំណើនខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ១៩៧៤។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការលក់បន្ទះឈីប Semiconductor ទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើង ២៥៩,៤% ដោយសារតម្លៃ និងបរិមាណលក់នៅតែមានកម្រិតខ្ពស់។ កត្តានេះត្រូវបានជំរុញដោយការបន្តវិនិយោគលើរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅទូទាំងពិភពលោក ក្នុងការប្រកួតប្រជែងដើម្បីឈានមុខគេក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។
ទន្ទឹមនឹងនេះ ការនាំចេញកុំព្យូទ័របានកើនឡើងយ៉ាងខ្លាំងដល់ ៤៩៦,៦% ដោយសារតម្រូវការម៉ាស៊ីនមេ (Server) សម្រាប់គាំទ្រសេវាកម្ម AI កំពុងកើនឡើង។
ចំណែកការនាំចូលបានកើនឡើង ៣៦% ដល់ ៧២,៧៨ ពាន់លានដុល្លារ បន្ទាប់ពីកើនឡើង ២៦% ក្នុងខែកញ្ញា។ នេះជាកំណើនប្រចាំឆ្នាំខ្ពស់បំផុតនៃការនាំចូលចាប់តាំងពីខែមករា ឆ្នាំ២០២២។
ជារួម តុល្យភាពពាណិជ្ជកម្មប្រចាំខែរបស់កូរ៉េខាងត្បូងបានបង្ហាញពីអតិរេកចំនួន ៤២,៥០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា តួលេខនេះនៅទាបជាងអតិរេកកំណត់ត្រា ៤៩,៩៧ ពាន់លានដុល្លារ ដែលសម្រេចបានក្នុងខែមុន៕










