ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទាន់ពេលវេលាលើករណីលួច (គាស់ផ្ទះ) ព្រម ទាំងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងពាក់ព័ន្ធ ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤០នាទីព្រឹក ការិយាល័យជជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ងិន អាន អាយុ ៥១ឆ្នាំ ជាមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលមានទីលំនៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ ។
ក្រោយទទួលបានបណ្តឹងនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងអន្តរាគមន៍ បានសហការជាមួយកងកម្លាំងមូលដ្ឋានក្រុង ស្នាក់ការសន្តិសុខ ៧២២ និងអាជ្ញាធរដែនដី ចុះប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ គាង ខ្លឹម ហៅ អឿន ហៅខ្មៅ អាយុ ២៥ឆ្នាំ រួមជាមួយសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងមួយចំនួន ។
បន្ទាប់ពីការសាកសួរតាមចម្លើយសារភាព នៅវេលាម៉ោង១៥និង១១នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចគីឡូម៉ែត្រលេខ១២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងចម្រុះបានបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ឈឿន ពេជ្រ ហៅ ពេជ្រ អាយុ ៣២ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងបន្ថែម ។
លទ្ធផលតេស្តទឹកនោមរបស់ជនសង្ស័យទាំង ២នាក់ខាងលើ បង្ហាញលទ្ធផលវិជ្ជមាន គឺមានផ្ទុកសារធាតុញៀន ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញបន្តបើកការស៊ើបអង្កេត ដើម្បីវែកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ៕










