(បាងកក)៖ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ និងជាតារាសម្តែងដ៏ល្បីឈ្មោះក្នុងការងារសប្បុរសធម៌ អ្នកនាង ប៊ូម ប៉ាណាត់ដា វង្សភូឌី (Boom Panadda Wongphudee) និងស្វាមី គឺលោក អាធីប អាណាន់តាវ៉ាន់ (Atip Anantawan) ពីបទឆបោកសាធារណជន លាងលុយកខ្វក់ និងបទល្មើសក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod English។
ដីកាចាប់ខ្លួននេះធ្វើឡើងក្រោយពេលប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចថៃ បានស៊ើបអង្កេតករណីសង្ស័យកេងបន្លំប្រាក់បរិច្ចាគរបស់សាធារណជន ដែលរៃអង្គាសតាមរយៈមូលនិធិ «Do Good Organisation Foundation» របស់អ្នកនាង ដោយយកប្រាក់ជំនួយសង្គ្រោះជនរងគ្រោះទៅចំណាយផ្ទាល់ខ្លួន រួមទាំងការទិញវីឡាប្រណីតផងដែរ។ កាលពីថ្ងៃពុធម្សិលមិញ សមត្ថកិច្ចបានបង្កកគណនីធនាគារចំនួន ១៧ ដែលមានទឹកប្រាក់សរុបប្រមាណ ៦០លានបាត និងកំពុងត្រួតពិនិត្យទ្រព្យសម្បត្តិមានតម្លៃជាង ១០០លានបាត រួមមានផ្ទះ ដីធ្លី រថយន្តជាង ២០គ្រឿង អាវុធ ៦ដើម និងកាបូបប្រណីតជាច្រើន។ តាមការត្រួតពិនិត្យ គណនីរៃអង្គាសប្រាក់ចំនួន ៣ របស់មូលនិធិនេះ មានប្រតិបត្តិការផ្ទេរប្រាក់ចូលជាង ១.៨លានដង ពីគណនីធនាគារជាង ៩០០,០០០គណនី។
គួរបញ្ជាក់ថា អ្នកនាង Boom Panadda វ័យ ៥០ឆ្នាំ គឺជាម្ចាស់មកុដបវរកញ្ញាថៃកាលពីឆ្នាំ២០០០ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាងពីរទសវត្សរ៍តាមរយៈសកម្មភាពចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយកាលពីខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលថៃក៏ធ្លាប់តែងតាំងនាងជាអ្នកនាំពាក្យស្ម័គ្រចិត្តនៃក្រុមការងារទទួលបន្ទុកគ្រប់គ្រងភាពតានតឹងតាមព្រំដែនថៃ-កម្ពុជាផងដែរ។ ក្រោយមានដំណឹងចេញដីកាចាប់ខ្លួន នាងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ថៃ Hone Krasae ដោយបានថ្លែងសុំទោសសាធារណជន និងក្រុមប្រឹក្សាភិបាលនៃមូលនិធិ ព្រមទាំងអះអាងថារូបអ្នកនាងគឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះរឿងរ៉ាវដែលកើតឡើង៕

រូបថត: Bangkok Post










