ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែករចនាក្រាហ្វិក Canva របស់អូស្ត្រាលី ដែលបង្កើតឡើងដោយគូស្វាមីភរិយាមហាសេដ្ឋី Melanie Perkins និង Cliff Obrecht កំពុងរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ ដែលនឹងប៉ះពាល់ដល់បុគ្គលិកចំនួន ១.២៧១ នាក់ ឬស្មើនឹង ២២% នៃកម្លាំងពលកម្មសរុប តាមរយៈការបញ្ឈប់បុគ្គលិក ការផ្លាស់ប្តូរទីតាំងការងារ និងការផ្លាស់ប្តូរតួនាទី។
ការរៀបចំរចនាសម្ព័ន្ធនេះកើតឡើង ខណៈក្រុមហ៊ុនដែលមានអាយុកាល ១៣ ឆ្នាំមួយនេះ កំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលរីកចម្រើនថ្មី បន្ទាប់ពីកំណើនអាជីវកម្មបានចាប់ផ្តើមថយល្បឿនជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។ នេះបើតាមសាររបស់សហស្ថាបនិក និងនាយកប្រតិបត្តិ លោកស្រី Melanie Perkins ផ្ញើជូនបុគ្គលិក និងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ Canva។
លោកស្រី Perkins បានថ្លែងថា៖ «នេះគឺជាពេលវេលាដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ១៣ ឆ្នាំរបស់យើង ដោយគ្មានការសង្ស័យឡើយ។ ភាពជោគជ័យក្នុងដំណាក់កាលដំបូង មិនមែនជាការធានាថាយើងនឹងទទួលបានជោគជ័យក្នុងដំណាក់កាលបន្ទាប់នោះទេ»។
លោកស្រីបានបង្កើត Canva ជាមួយស្វាមីរបស់លោកស្រី គឺលោក Cliff Obrecht និងលោក Cameron Adams។ ការផ្លាស់ប្តូរលើកនេះនឹងប៉ះពាល់ដល់បុគ្គលិក ២២% នៃកម្លាំងពលកម្មសរុប តាមរយៈការផ្លាស់ប្តូរទីតាំងការងារ ការកែប្រែតួនាទី និងការបញ្ឈប់បុគ្គលិក។
យោងតាមទស្សនាវដ្តី Forbes ការរៀបចំរចនាសម្ព័ន្ធនេះមានគោលបំណងធ្វើឱ្យរចនាសម្ព័ន្ធអង្គភាព តួនាទី និងជំនាញរបស់បុគ្គលិក ស្របទៅនឹងតម្រូវការនាពេលអនាគតរបស់ក្រុមហ៊ុន បន្ទាប់ពីមានការពិចារណាអស់រយៈពេលជាច្រើនខែអំពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ កំពុងផ្លាស់ប្តូរពិភពលោក។
លោកស្រី Perkins បានមានប្រសាសន៍ថា៖ «យើងបាននិយាយជាច្រើនអំពីល្បឿននៃការផ្លាស់ប្តូររបស់ពិភពលោក។ បច្ចេកវិទ្យាថ្មីៗកំពុងផ្លាស់ប្តូរអ្វីដែលមនុស្សអាចបង្កើតបាន របៀបដែលពួកគេបង្កើត និងអ្វីដែលពួកគេរំពឹងទុកពីផលិតផលដែលពួកគេប្រើប្រាស់»។
លោកស្រីបានបន្ថែមថា ក្រោមផែនការថ្មី Canva នឹងសម្រួលដំណើរការការងារ ដើម្បីឱ្យបុគ្គលិកអាចចំណាយពេលកាន់តែច្រើនលើការអភិវឌ្ឍផលិតផល និងការបង្កើតថ្មី ជាជាងចំណាយពេលដោះស្រាយជាមួយរចនាសម្ព័ន្ធអង្គភាពដែលកាន់តែមានភាពស្មុគស្មាញ និងរឹងតឹង នៅពេលក្រុមហ៊ុនរីកធំឡើង។
ក្រុមហ៊ុនក៏នឹងកាត់បន្ថយការបែងចែកជំនាញឯកទេសតូចៗ និងដកចេញនូវថ្នាក់គ្រប់គ្រងមួយចំនួន ដើម្បីផ្តល់ឱ្យបុគ្គលិកនូវសិទ្ធិទទួលខុសត្រូវ និងភាពជាម្ចាស់លើការងារកាន់តែទូលំទូលាយ។ លើសពីនេះ Canva នឹងពង្រីកកិច្ចសហការដោយផ្ទាល់ និងប្រមូលផ្តុំក្រុមការងារដែលពាក់ព័ន្ធឱ្យធ្វើការនៅទីតាំងតែមួយ។
លោកស្រី Perkins បានបញ្ជាក់ថា៖ «ដើម្បីត្រៀមខ្លួនសម្រាប់ទសវត្សរ៍បន្ទាប់ យើងត្រូវចាប់ផ្តើមកសាង Canva ឡើងវិញ ដោយត្រឡប់ទៅរកគោលការណ៍ដើមរបស់យើង គឺក្រុមការងារតូចៗដែលមានសិទ្ធិអំណាច និងសេរីភាពក្នុងការសម្រេចចិត្ត ទទួលខុសត្រូវលើការងារ និងផ្តោតលើអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់សហគមន៍អ្នកប្រើប្រាស់របស់យើង»។
សម្រាប់បុគ្គលិកដែលរងផលប៉ះពាល់ពីការរៀបចំរចនាសម្ព័ន្ធនេះ ក្រុមហ៊ុននឹងផ្តល់ប្រាក់សំណងស្មើនឹងប្រាក់បៀវត្សរយៈពេល ៦ ខែ ព្រមទាំងបន្តផ្តល់ការធានារ៉ាប់រងសុខភាពរយៈពេល ១២ ខែ និងជំនួយផ្នែកការងារ និងសុខុមាលភាពផ្លូវចិត្ត។
លោកស្រី Melanie Perkins និងលោក Cliff Obrecht ស្ថិតក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសអូស្ត្រាលី ដោយមានទ្រព្យសម្បត្តិសរុបរួមគ្នាប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក។
ចំណែកលោក Cameron Adams ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកផលិតផលរបស់ Canva ក៏ជាមហាសេដ្ឋីម្នាក់ផងដែរ ដោយមានទ្រព្យសម្បត្តិប្រមាណ ៣,៨ ពាន់លានដុល្លារអាមេរិក។
គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន Canva មានតម្លៃវាយតម្លៃប្រមាណ ៤២ ពាន់លានដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ២៦៥ លាននាក់៕










