ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី២នៃការ ប្រកួតកីឡាប្រដាល់ដណ្តើមជើងឯក TV5 Knock Out Series ទម្ងន់៥៤គីឡូក្រាម តម្រូវលើកីឡាករ៤នាក់ប្រកួតជម្រុះចុងក្រោយក្នុងដំណាក់កាលទី៣នាថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៦នេះ គឺកីឡាករ នីម នន មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ ត្រូវប៉ះជាមួយកីឡាករ មាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនគិរី ។ ចំណែក កីឡាករ លីន វិបុល មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិត្រូវប្រកួតជាមួយកីឡាករ ប៊ុន សុធា មកពីក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម នៅសង្វៀនទីហ្វីអារីណា ។
ចំពោះការប្រកួតវគ្គជម្រុះចុងក្រោយនេះ អ្នកឈ្នះបានឡើងទៅប្រកួតក្នុង ដំណាក់កាលទី៤វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៥៤គីឡូក្រាមឯអ្នកចាញ់គឺត្រូវចាកចេញតែម្តង។ ជំនួបរវាង នីម នន នឹង មាឃ សុវណ្ណារ៉ា នេះគឺពួកគេមិនធ្លាប់ជួបគ្នាទេ កន្លងមក។ ប៉ុន្តែកាលពីប្រកួតក្នុងដំណាក់កាលទី២ នីម នន វាយឈ្នះ រស់ វិបុល មក ពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុ រីឯមាឃ សុវណ្ណារ៉ា វាយឈ្នះប្រាក់ ស៊ីណាត មកពីក្លិប តាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែងដោយពិន្ទុដូចគ្នា។ ដោយឡែកការប្រកួតរវាង លីន វិបុល នឹង ប៊ុន សុធា ពួកគេពិបាកធ្វើ ការសន្និដ្ឋានចំពោះលទ្ធផលនៃការប្រកួតនេះណាស់ពីព្រោះ លីន វិបុល គេជាអ្នក ប្រដាល់ដែលមានកម្លាំងខ្លាំងមានកាយ សម្បទារឹងមាំ។ ដំណាក់កាលទី២ លីន វិបុល វាយឈ្នះ ពេជ្រ សាម៉ុន មកពីក្លិបរាជ សីហ៍ខេត្តបន្ទាយមានជ័យដោយពិន្ទុ រីឯប៊ុន សុធា វាយឈ្នះ គឿម សុវណ្ណឌឿត មកពីក្លិបមោងប្ញស្សីមរតកគុនខ្មែរខេត្តបាត់ដំបងដោយពិន្ទុដែរ ។
គួររំលឹកថា សប្តាហ៍ទី១បានរកឃើញកីឡាករដែលឡើងទៅរង់ចាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្ររួចហើយ គឺកីឡាករ ស្រៀង ទិតធិ មកពីក្លិប សម្បត្តិគុនខ្មែរ និងឈុន បញ្ញា មកពីក្លិបរ៉ា ហាប់ស្វាយប៉ាក ។
ចំពោះការប្រកួត គូពិសេសអមជាមួយគូប្រកួតដណ្តើមចំណាត់ថ្នាក់ខាងលើតម្រូវលើកីឡាករ ឆាយ មាស មកពីក្លិបសំរោង កោងខេត្តបាត់ដំបងត្រូវជួបជាមួយ ម៉ន លីហួរ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ឆាយ មាស ពោរពេញទៅដោយបទពិសោធន៍ជោកជាំក្នុងការប្រកួតលើរេញ ប៉ុន្តែមិនទាន់ប្រាកដ ថា អាចឈ្នះ ម៉ន លីហួរ បានដោយស្រួល នោះទេ ព្រោះ លីហួរ ក៏ដែរកាយសម្បទា រឹងមាំជាងឆាយមាសដែរ ៕
ដោយ៖ សារីម