អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្ដេចធិបតី រយៈពេល២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ច គឺជាកិត្តិយស និងជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាលដែលមានដូចតទៅ៖

ទី១. វគ្គដំបូងនៃការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចបានបើកធ្វើជាផ្លូវការនារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបានប្រព្រឹត្តទៅនៅឯសាលាហ្វឹកហ្វឺនការពារកោះឆ្នេរក្នុងខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងពិធីជាប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជនដែលជា«ប្រភពធនធានមនុស្សមិនចេះរីងស្ងួត»ឱ្យមាន មនសិការស្នេហាជាតិមាតុភូមិ ចេះស្រឡាញ់ និងការពារជាតិមាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រយៈពេល២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ច គឺជាកិត្តិយស និងជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា យុវជនដែលបានបំពេញកាតព្វកិច្ចយោធា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានឱកាសបម្រើជាតិមាតុភូមិ, ការបណ្ដុះបណ្ដាលជំនាញបន្ថែម ទាំងជំនាញទន់និងជំនាញរឹង ទទួលបានឱកាសអភិវឌ្ឍខ្លួនក្លាយជាធនធាន ដ៏ល្អប្រកបដោយវិន័យ ការទទួលខុសត្រូវ របៀបរបបការងារ និងភាពជាអ្នកដឹកនាំ ទទួលបានស្ថិរភាពការងារក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា និងមានឈ្មោះក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ៤៥ឆ្នាំ។ ទន្ទឹមនឹងនោះ ពួកគេ ក៏ទទួលបានអាទិភាពក្លាយជាយោធិនអាជីព ដោយផ្អែកលើការពិនិត្យនិងវាយតម្លៃជាក់ស្ដែង។

សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់យុវជនស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធាថា ចាប់ពីថ្ងៃនេះតទៅ សិក្ខាកាមទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីមួយដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់ ការអត់ធ្មត់ខ្ពស់ ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯងពិតប្រាកដ។ ពិតណាស់ យោធិនកាតព្វកិច្ចអាចនឹងជួបការលំបាក ការនឿយហត់ និងត្រូវផ្លាស់ប្តូរពីការរស់នៅតាមបែបធម្មតា មកជាជីវិតដែលមានការគ្រប់គ្រង និងវិន័យតឹងរ៉ឹង ប៉ុន្តែមេរៀនជីវិតទាំងនេះនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក«យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។

ដូច្នេះ យោធិនកាតព្វកិច្ចទាំងអស់ត្រូវខិតខំថែរក្សាអត្តសញ្ញាណគុណតម្លៃ, កិត្តិយសនិងសេចក្តីថ្លៃថ្នូរ តាមរយៈការបំពេញតួនាទីជាកូនល្អ ពលរដ្ឋល្អ បុគ្គលិកល្អ មន្ត្រីរាជការល្អ និងកងទ័ពល្អ ហើយត្រៀមខ្លួនជានិច្ចក្នុងការចូលរួមបម្រើជាតិមាតុភូមិ។ នេះជាប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ទី២. បន្ទាប់ពីទទួលបានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា បានស្គាល់សន្តិភាពដ៏យូរអង្វែងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ស្រាប់តែសង្គ្រាមបានកើតឡើងកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ ២០២៥ តាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរួចទៅហើយ។ កងទាហានថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យ បូរណភាពទឹកដី និងមកលើទីតាំងស៊ីវិលជាច្រើន ចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយបង្កវិនាសកម្មធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងបង្កឱ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង។

រហូតមកទល់ពេលនេះមានជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ កងទ័ពថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់អន្តរជាតិ និងព្យាយាមបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនដណ្តើមគ្រប់គ្រងដោយកម្លាំងផ្ទុយពីច្បាប់អន្តរជាតិ ។

ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាពិសេសកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់ និងស្នើឱ្យភាគីថៃគោរពនិងអនុវត្តគ្រប់ចំណុចដូចគ្នា ដោយមិនត្រូវមើលរំលងចំណុចណាមួយឡើយ។

...

គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១២លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្ត កាលពីពេលកន្លងទៅ។ សំណើរនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាត ឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print