ខេត្តបន្ទាយមានជ័យៈជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យិន យ៉ាន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីកូនប្រុសបានប្រើហិង្សាលើរូបគាត់(វ៉ៃម្ដាយ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យត្រូវជាកូនប្រុសបង្កើតឈ្មោះ ពឿន ទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។ នឹងបានធ្វើតេស្ដទឹកនោមរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន (+) ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវ៉ៃម្តាយខ្លួនឯងបណ្ដាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា










