ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ករណីលួច, សមគំនិតក្នុងអំពើលួច, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ ១-ឈ្មោះ ដូ ទ្រី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅបន្ទប់ជួល ភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់, សមគំនិតក្នុងអំពើលួច),២-ឈ្មោះ ឆាយ វេន ហៅ វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ រក្សាទុក និងប្រើប្រាស់), ៣-ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី(លួច និងប្រើប្រាស់), ៤-ឈ្មោះ ជាក់ ជប៉ុន ហៅ ប៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ រក្សាទុក និងប្រើប្រាស់), ៥-ឈ្មោះ សា កំរ៉ី ហៅ រ៉ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ជួញដូរ រក្សាទុក និងប្រើប្រាស់, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, កាន់កាប់អាវុធ), ៦-ឈ្មោះ កែវ ប៊ុនថាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅបន្ទប់ជួល ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ទទួលផលចោរកម្ម និងប្រើប្រាស់), ៧-ឈ្មោះ ផាត សុផា ហៅ វែង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ននៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ដឹកជញ្ជូន និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ធំ និង០៦ថង់កិប ទម្ងន់១១៣២,៦២ក្រាម,ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន០១កូនថង់កិប ស្មើនឹង០៥គ្រាប់ ទម្ងន់០,៨០ក្រាម, រថយន្ត០១គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ), ម៉ូតូចំនួន១៥គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ), IPAD ពណ៌មាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃ ចំនួន០៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង, កាំភ្លើងខ្លីជ័រ ពណ៌ខ្មៅ ចំនួន០១ដើម, កាំភ្លើងស្នប់វែងកែច្នៃពណ៌ខ្មៅ ចំនួន០១ដើម រួមនឹងវត្ថុតាងនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ពិនិត្យឃើញថា ជនសង្ស័យពិតជាមានជាប់ពាក់ព័ន្ធការជួញដូរ ដឹកជញ្ជូន រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីលួច, សមគំនិតក្នុងអំពើលួច, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា










