សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងការពារសង្គ្រាមប្រឆាំងអ៉ីរ៉ង់ នៅឯទិវារំឮកដល់អតីតយុទ្ធជនអាមេរិក ដែលឃើញថារដ្ឋមន្ត្រីការពារជាតិ ត្រូវបានរិះគន់ចំៗជាសាធារណៈ ចំពោះឥរិយាបថមិនសមរម្យ។
យោងតាមតួលេខចុងក្រោយពីមន្ទីរបញ្ចកោណ សង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលទៅលើប្រទេសអ៉ីរ៉ង់ បានបណ្តាលឱ្យយោធាអាមេរិកចំនួន ២៣នាក់បាត់បង់ជីវិត និងរងរបួសរាប់រយនាក់។
នៅទីបញ្ចុះសពជាតិ Arlington (Arlington National Cemetery) ស្ថិតនៅក្បែរទីក្រុងវ៉ាស៉ីនតោន លោក ត្រាំ និយាយថា «សង្រ្គាមនេះ មិនមែនផ្តើមឡើងដោយទីក្រុងវ៉ាស៉ីនតោននោះទេ ប៉ុន្តែគឺផ្តើមឡើងដោយទីក្រុងតេហេរ៉ង់ ដែលបានធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ»។ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងសហរដ្ឋអាមេរិកចាត់វិធានការ គឺក្នុងគោលបំណងទប់ស្កាត់សមត្ថភាពរបស់អ៉ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
ពេលដាក់ដាក់កម្រងផ្កានៅឯផ្នូរបញ្ចុះសពទាហានរួម និងថ្លែងសុន្ទរកថាទៅកាន់កងទ័ព អតីតយុទ្ធជន និងមន្ត្រីជាន់ខ្ពស់ លោក ត្រាំ ក៏បានសរសើររដ្ឋមន្ត្រីការពារជាតិ Pete Hegseth ដែលកំពុងមានវត្តមាននៅទីនោះដែរ ថាលោក Hegseth បំពេញការងារបានយ៉ាងល្អ។ ទន្ទឹមនេះក៏ភាពចម្រូងចម្រាស់កើតឡើង ដោយមនុស្សមួយក្រុមតូចរួមទាំងលោក Hegseth ភរិយារបស់លោក និងជំនួយការប៉ុន្មាននាក់ទៀត ត្រូវទាហានយាមឬីបញ្ចុះសពនោះស្តីឱ្យ បន្ទាប់ពីពួកគេខ្លះផ្ទុះសំណើច ក្រោយពេលថតរូបនៅមុខកន្លែងដែលត្រូវសង្រួមចិត្ត។ ទាហានយាមរូបនោះបាននិយាយថា «អ្នកចូលរួមទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ និងការគោរពគ្រប់ពេលវេលា ហើយលោក Hegseth ងាកទៅមើលមុខទាហានយាមរូបនោះ៕










