ខេត្តកំពង់ស្ពឺ៖ ក្រោមការណែនាំពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងការចង្អុលណែនាំពីលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដោយបានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ផែនការងារនគរបាលយុត្ដិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការស្រាវជ្រាវករណី កើតហេតុកាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៦ នៅចំណុចលើផ្លូវលេខ១៤២ ភូមិ
មាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើ ករណីឃាតកម្មដោយចេតនា (បាញ់សម្លាប់អ្នក គ្រប់ គ្រងប្រេងឥន្ធនៈជិះម៉ូតូដេញតាមទាន់ចោរដែលលួចប្រេងម៉ាស៊ូត)ជនសង្ស័យ១នាក់មិនស្គាល់អត្តសញ្ញាណប្រើអាវុធខ្លី១ដើមបាញ់ប្រហារចំដើមទ្រូង។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ហេតុការណ៍ដែលកើតដល់ការបាញ់ប្រហារមកពីជនជាតិចិន ជាអ្នកគ្រប់គ្រង បានជិះម៉ូតូដេញតាមជនល្មើសដែលសង្ស័យបានលួចប្រេងម៉ាស៊ូត ដោយបានទាញដៃចង្កូតម៉ូតូនិងធាក់ម៉ូតូ
ជនសង្ស័យ រំពេចនោះឈ្មោះ HAN YU MING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ជាបុគ្គលិកផ្នែកគ្រប់គ្រងសម្ភារនិងប្រេងឥន្ធនៈបានដេកដួលលើផ្លូវតែម្ដង ។
តាមការបំភ្លឺពីសាក្សីឈ្មោះ LIU LICHAO ប្រុស ៣៧ឆ្នាំ ជនជាតិចិន បានឱ្យដឹងថា មុនពេលកើតហេតុ មានជនជាតិចិនម្នាក់ស្រែកថា ចោរៗលួចដឹកប្រេង ហើយ
ជនសង្ស័យ១នាក់ជិះម៉ូតូមានកន្រ្ទកដឹកប្រេងជិះគេច
ខ្លួនតាមផ្លូវគោយន្តលើភ្នំទៅទិសខាងត្បូង ហើយជនរងគ្រោះបានជិះម៉ូតូដេញតាមរហូតដល់កន្លែងកើតហេតុតាមទាន់ ក៏ត្រូវជនសង្ស័យដកអាវុធខ្លីបាញ់ប្រហារតែម្ដងបណ្តាលឲ្យស្លាប់នៅនឹងក្លែងកើតហេតុ ។
តាមរយៈប្រតិបត្ដិការស្រាវជ្រាវដោយយកចិត្ដទុកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មឿន សុខគា ប្រុស ៤២ឆ្នាំ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា លួចប្រេងជាង២០០កាន ហើយបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត (១)-ឈ្មោះ ឆាយ ផាត ប្រុស ៤៤ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកបាញ់ជនរងគ្រោះ) បាននាំខ្លួនទៅយកអាវុធខ្លីK54 លេខ778809 ដែលលាក់ទុកក្នុងព្រៃ (២)-ឈ្មោះ ជ័យ សីហា ប្រុស៤២ឆ្នាំ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដកហូតម៉ូតូC125ពណ៌ខ្មៅ (ម៉ូតូដឹកប្រេង) ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីឃាតកម្មគិតទុកជាមុនបាន ៩នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










