ទោះគាត់ជានារីលក់ម្ជូរ ! គប្បីគិតពីសីលធម៌ក្នុងសង្គមផង កុំប៉ះពាល់បំពានបែបនេះ លើសិទ្ធទទួលបានភាពថ្លៃថ្នូរ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមយុវជនមួយក្រុម ប្រៀបជា«សត្វមមាចមិនស្គាល់ភ្លើង» កាន់តែធ្ងន់ហើយ! ខណះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រលះចំៗ ក្រោយប្រព្រឹត្តចោមរោមរំខាន និងប៉ះពាល់រាងកាយុវតីលក់ម្ជូរ និងផ្លែឈើខ្ចប់ម្នាក់ ថា មានទម្លាប់ដ៏អសីលធម៌ និងអន់ថយ ដូច្នេះអាចមិនរួចខ្លួនទេមើល៍ទៅ !

តាមសំណេរដើមរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១២ ខែ វិច្ឆិកា លើគណនីផ្ទាល់ មានខ្លឹមសារដើមទាំងស្រុងថា ខ្ញុំពិតជាមានអារម្មណ៍រង្កៀសចិត្ត និងសោកស្ដាយណាស់ បន្ទាប់ពីបានឃើញការផុសចែកចាយលើបណ្ដាញសង្គម អំពីករណីយុវតីម្នាក់ត្រូវបានបុរសមួយក្រុមចោមរោមរំខាន និងប៉ះពាល់រាងកាយ នៅពេលនាងចូលទៅលក់ម្ជូរ និងផ្លែឈើខ្ចប់ ក្នុងកម្មវិធីរាំកម្សាន្តមួយ។

តើអំពើខ្វះការគោរពបែបនេះ ត្រូវបានចាត់ទុកថាជារឿងធម្មតាឬ? តើស្ត្រី ឬយុវតីដែលប្រកបមុខរបរលក់ដូរតូចតាច ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពនៅតាមរោងពិធី ឬអាហារដ្ឋានដែលមានការទទួលទានគ្រឿងស្រវឹង សុទ្ធតែត្រូវបង្ខំចិត្តស៊ូទ្រាំទទួលយកសកម្មភាពបៀតបៀនទាំងនេះមែនទេ?

ទំនងជាក្រុមបុរសទាំងនោះ មានទម្លាប់ដ៏អសីលធម៌ និងអន់ថយបែបនេះហើយ។ ប៉ុន្តែសូមកុំភ្លេចថា មិនថានៅក្នុងសង្គមខ្មែរ ឬនៅប្រទេសណាក៏ដោយ ការបៀតបៀនរាងកាយ ឬការប្រើកាយវិការ និងពាក្យសម្ដីប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរអ្នកដទៃ ជាពិសេសលើស្ត្រី និងយុវតី គឺជាអំពើខុសឆ្គងធ្ងន់ធ្ងរទាំងខាងសីលធម៌ និងផ្លូវច្បាប់ ដែលសង្គមស្អប់ខ្ពើម។

បងប្អូនសាកសួរខ្លួនឯងមើល៍ថា បើអ្នកដែលត្រូវគេបំពាន បន្លំឆ្លៀតឱកាស ឬមិនឱ្យតម្លៃនោះ គឺជាម្ដាយយើង ប្រពន្ធយើង ដៃគូជីវិតយើង បងស្រី ប្អូនស្រី ឬកូនស្រីរបស់យើង… តើយើងមានអារម្មណ៍ឈឺចាប់បែបណា? សូមចាំថា ស្ត្រីគ្រប់រូបដែលកំពុងខិតខំរកស៊ី និងបំពេញការងារដោយសុចរិតនៅចំពោះមុខយើង សុទ្ធតែជាមនុស្សជាទីស្រលាញ់របស់គ្រួសារគេ ដូចគ្រួសារយើងដែរ។

ខ្មែរយើងតែងលើកតម្កើង និងគោរពស្ត្រីណាស់ ព្រោះស្ត្រីគឺជាមាតា និងជាសសរទ្រូងដ៏សំខាន់ក្នុងគ្រួសារ និងសង្គមជាតិ។ បុរសពិតប្រាកដ មិនស្ថិតលើការប្រើកម្លាំង ឬយកការស្រវឹងមកធ្វើជាលេសដើម្បីកេងចំណេញលើស្ត្រីនោះទេ តែត្រូវចេះការពារ ផ្ដល់កិត្តិយស និងបង្កើតភាពកក់ក្ដៅដល់ពួកគាត់ទៅវិញទេ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដោយស្មោះអស់ពីចិត្ត ដល់បងប្អូនជនរួមជាតិ ដែលបានបង្ហាញឧត្តមគតិ និងមនសិការចូលរួមឈឺឆ្អាល ការពារភាពត្រឹមត្រូវចំពោះករណីខាងលើនេះ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿន ក្រើនរំលឹក និងលើកទឹកចិត្តខ្ពស់ដល់បងប្អូនបុរសទាំងអស់ សូមរក្សាឱ្យបាននូវភាពថ្លៃថ្នូរ រៀបចំខ្លួនទាំងកាយ វាចា និងចិត្ត ឱ្យបានសមរម្យ ជាពិសេសរាល់ពេលមានវត្តមានស្ត្រី និងយុវតី នៅគ្រប់កាលៈទេសៈក្នុងជីវភាពសង្គម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print