នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Zoran DIMITROVSKI អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអនុរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម។ ឯកឧត្តមបានអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងអបអរសាទរកម្ពុជា ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាប្រវត្តិសាស្ត្រ នាពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នៅកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ និងបានគូសបញ្ជាក់ពីសក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឯកឧត្តមបានរំលេចពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងការពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាពិសេសរវាងវិស័យឯកជន។ ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈយន្តការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF), សាធារណរដ្ឋម៉ាសេដ្វានខាងជើង និងកម្ពុជា នឹងកាន់តែមានកាលានុវត្តភាពច្រើនថែមទៀត ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអនុរដ្ឋមន្រ្តី។ សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនទៀតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការពហុភាគីនិយមក្នុងទំនាក់ទំនងទ្វេភាគី ដោយគូសរំលេចថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំក្នុងវេទិកាពហុភាគីនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងបានផ្តល់នូវឱកាសច្រើនបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមអនុរដ្ឋមន្ត្រីសាធារណរដ្ឋម៉ាសេដ្វានខាងជើង បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងរៀបចំឱ្យមានយន្តការពិគ្រោះយោបល់នយោបាយជាផ្លូវការ សំដៅកំណត់វិស័យសក្ដានុពលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕










