អភិបាលខណ្ឌច្បារអំពៅព្រមានចៅសង្កាត់រឿងសំណង់អត់ច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាសំណង់អត់ច្បាប់ដែលកើតមាននៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅត្រូវបានលោកអភិបាលខណ្ឌលើកជាប្រធានបទក្តៅនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌទទួលបន្ទុកជំនាញផ្សេងៗចំនួន៤រូប , លោកអធិការនគរបាលខណ្ឌ , មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីជាចៅ សង្កាត់ទាំង៨ និងមន្ត្រីក្រុមការងារជាច្រើននាក់ទៀត ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការងារគ្រប់គ្រងសំណង់នៅក្នុងបុរី ,សំណង់ផ្ទះល្វែង និងសំណង់សាធារណៈផ្សេងនៅក្នុងសង្កាត់ទាំង៨ ជាពិសេសនៅតាមសង្កាត់ដែលមានភូមិសាស្ត្រជាប់ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ដោយម៉ឺងម៉ាត់ថា មួយរយៈកន្លងទៅនេះបញ្ហាសំណង់អត់ច្បាប់បានកើតមាននៅតាមសង្កាត់មួយចំនួន ដែលសំណង់ទាំងនោះអាជ្ញាធរសង្កាត់ដឹងដែរតែមិនព្រមរាយការណ៍មកខណ្ឌនោះទេ ។ ដូចជានៅសង្កាត់ព្រែកឯង សំណង់បុរីរបស់លោកឧត្តសេនីយ៍ឈន សារ៉ាណេ សាងសង់អត់ ច្បាប់នោះឡើយ ដែលសំណង់អត់ច្បាប់ទាំងនេះមិនមែនសាងសង់១ថ្ងៃរួចរាល់នោះទេ ហេតុអីបានជាលោកចៅសង្កាត់មិនដឹង ឬមួយដឹងដែរតែធ្វើមិនដឹង។ នេះហើយជាបញ្ហាលំបាកក្នុងការគ្រប់គ្រងសំណង់ដោយសារអាជ្ញាធរសង្កាត់មិនរាយការណ៍ ។ មួយទៀតលោកមេភូមិម្នាក់បានភូតកុហក់ថា ស្នើសុំជួសជុលផ្ទះឈើដល់ធ្វើបែរជាសង់ផ្ទះថ្មចំនួន៤ល្វែងនៅជាប់មាត់ទន្លេបាសាក់ នេះជាទង្វើខុសធ្ងន់ធ្ងរណាស់ហ៊ានភូតកុហក់អភិបាលខណ្ឌថែមទៀតផង។ ចំណែកលោកចៅសង្កាត់មិនរាយការណ៍ឲ្យខណ្ឌមកសាលាខណ្ឌទេ មិនដឹងជាយ៉ាងម៉េចបានសំណង់អត់ច្បាប់សាងសង់រំលោភយកដីចំទន្លេអាជ្ញាធរសង្កាត់ធ្វើមិនដឹងទៅ។

លោកអភិបាលខណ្ឌបានបន្តថា បញ្ហាសំណង់ត្រូវតែយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់ ជាពិសេសលោក-លោកស្រីជាចៅសង្កាត់ត្រូវពិនិត្យតាមដានជាប្រចាំហើយរាយការណ៍មកសាលាខណ្ឌគ្រប់ប្រភេទសំណង់ដែលចាប់ផ្តើមសាងសង់ និងកំពុងសាងសង់ដើម្បីឲ្យផ្នែកជំនាញចុះត្រួតពិនិត្យនិងទប់ស្កាត់។ ដោយឡែកក្រុមការងារដែលទទួលបន្ទុកសំណង់ថ្នាក់ខណ្ឌត្រូវចុះតាមការដ្ឋានសំណង់ផ្ទះល្វែង និងសំណង់បុរី ដើម្បីត្រួតពិនិត្យពីគុណភាពសំណង់ និងចំនួនផ្ទះនៅក្នុងបុរីដែល ច្បាប់អនុញ្ញាតឲ្យសាងសង់ ព្រោះខ្លាចម្ចាស់បុរីនិងម្ចាស់សំណង់ផ្ទះល្វែងសាងសងលើសចំនួនកំណត់និងសង់ខ្ពស់ហួសពីច្បាប់អនុញ្ញាត។ ចំពោះបឹងប្រាដែលកន្លងមកក្រុមហ៊ុនផានអ៊ីម៉ិច បានចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធនោះ សូមមន្ត្រីទទួលបន្ទុកនិងអស់លោកជាចៅសង្កាត់ពាក់ព័ន្ធត្រូវចុះទប់ស្កាត់បញ្ឈប់សកម្មភាពជាបន្ទាន់ហាមដាច់ខាតមិនបន្តសកម្មភាពចាក់ដីលប់បឹងប្រាតទៅទៀតឡើយ បើក្រុមហ៊ុនផានអ៊ីម៉ិចនៅតែបំពាន់អាជ្ញាធរខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ ។

នៅចុងបញ្ចប់នែកិច្ចប្រជុំ លោកអភិបាលខណ្ឌបានណែនាំបន្ថែមឲ្យគណៈបញ្ជាការឯកភាពខណ្ឌត្រូវរួមការទប់ស្កាត់ឲ្យបានចំពោះសំណង់អត់ច្បាប់ ជាពិសេសនៅតាមមាត់ទន្លេ តាមព្រែក និងបឹង បន្តអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ៕

img-20161007-wa0031 img_20161007_124459 img-20161007-wa0033 img_20161007_124502 img_20161007_124453 img_20161007_124456 img-20161007-wa0032

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print