ការវាយប្រហារអត្តឃាត២លើកបានបណ្តាលឲ្យមនុស្ស៣៥នាក់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរងរបួសស្ថិតនៅក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ។ នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតកើតឡើងនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន ចាប់តាំងពីការប្រកាសមរណភាពរបស់មេដឹកនាំក្រុមឧទ្ទាមតាលីបង់ លោក Mullah Omar ។
ហេតុការណ៍វាយប្រហារទីមួយ រថយន្តកាម៉ាស់មួយគ្រឿងផ្ទុកដោយគ្រឿងផ្ទុះបានបង្កឲ្យផ្ទុះនៅកណ្តាលមជ្ឈមណ្ឌលទីក្រុងកាប៊ូលកាលពីពាក់កណ្តាលយប់ថ្ងៃស្រុកបណ្តាលឲ្យស្លាប់ជនស៊ីវិល១៥នាក់ និង២៤០នាក់រងរបួស ។ ក្រោយហេតុការណ៍នេះប្រមាណ២៤ម៉ោង ស្រាប់តែមានការវាយប្រហារមួយលើកទៀតកើតឡើង ដោយជនវាយប្រហារស្លៀកពាក់ឯកសណ្ឋានប៉ូលិសបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្លូវចូលទៅកាន់សាកលវិទ្យាល័យនគរបាលជាតិក្នុងទីក្រុងកាប៊ូលបណ្តាលឲ្យស្លាប់២០នាក់ ។
ក្រុមឧទ្ទាមលីបង់បានប្រកាសមិនទទួលខុសត្រូវទៅលើការវាយប្រហារបំផ្ទុះរថយន្តអត្តឃាតធ្វើឡើងស្ថិតនៅជិតបន្ទាយយោធាមួយកន្លែងក្នុងទីក្រុងកាប៊ូល ដូចដែលពួកគេធ្លាប់បានវាយប្រហារនាពេលកន្លងមក ហើយដែលលទ្ធផលសម្លាប់ជនស៊ីវិលជាច្រើននាក់នោះ ។ ប៉ុន្តែក្រុមនេះបានប្រកាសទទួលស្គាល់ការវាយប្រហារនៅក្នុងហេតុការណ៍ទីពីរ ដែលបានធ្វើឲ្យរងគ្រោះយ៉ាងខ្លាំងទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននោះ ។
ស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសនេះកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយច្របូកច្របល់ កើតក្តីព្រួយបារម្ភជាពន់ពេកចំពោះពលរដ្ឋស្លូតត្រង់ ខណៈដែលដំណើរការចរចាសន្តិភាពរវាងកម្លាំងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងក្រុមឧទ្ទាមលីបង់មានការរអាក់រអួល ទៅមុខមិនរួច ហើយគ្មានការជួយជ្រោមជ្រែងពេញលេញពីកងកម្លាំងអង្គការណាតូ ។
ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃសុក្រនៅក្នុងទីក្រុងកាបូលនោះជាការវាយប្រហារដំបូងគេបំផុត បន្ទាប់ពី ឈ្មោះ Mullah Akhtar Mansour បានក្លាយជាមេដឹកនាំក្រុមឧទ្ទាមលីបង់កាលពីសប្តាហ៍មុន ហើយដែលគេមើលឃើញថា ជាការប្តូរផ្លាស់អំណាច ភារកិច្ចរបស់មេដឹកនាំក្រុមឧទ្ទាម ក្រោយមានការប្រកាសពីកងទ័ពរដ្ឋាភិបាលថា អតីតមេដឹកនាំក្រុមឧទ្ទាមលីបង់ Mullah Omar ត្រូវបានសម្លាប់រួចមកនោះ ។ ក្រុមអ្នកសង្កេតការនិយាយថា អំពើហិង្សានឹងត្រូវបានគេបង្កឡើងកាន់តែខ្លាំងក្លាដែលជាការបង្ហាញឲ្យឃើញ ក៏ដូចដើម្បីទទួលបានការគាំទ្រពីសំណាក់សមាជិកក្រុមឧទ្ទាមទៅលើមេដឹកនាំថ្មី Mullah Mansour ។ ជាមួយគ្នានេះដែរ ក៏ដើម្បីបង្វែរការចាប់អារម្មណ៍ពីអន្តរជាតិទៅលើការបែកបាក់គ្នានៅក្នុងជួយមេដឹកនាំក្រុមឧទ្ទាមលីបង់ថែមទៀតផង ៕
ប្រែសម្រួល៖ យ៉ាត