ភ្នំពេញ៖ ក្មេងប្រុសស្រី២នាក់ ដើរវង្វេងពេញផ្លូវ ហើយស្រែកយំរកឪពុកម្ដាយ ត្រូវសមត្ថកិច្ចប្រទះឃើញ ក៏នាំទៅកាន់ប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីមើលថែ និងសួរនាំរកឪពុកម្តាយ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពពីមន្ដ្រីនគរបាលប៉ុស្តិ៍វាលវង់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្លាំងនគរបាលកំពុងតែជិះល្បាតនៅតាមដងផ្លូវ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ស្របពេលដែលមេឃកំពុងតែភ្លៀងផងនោះ ក៏ស្រាប់តែឃើញក្មេងប្រុសស្រី២នាក់ ដោយមិនមានស្លៀកសម្លៀកបំពាក់នៅនឹងខ្លួន បានដើរនៅតាមដងផ្លូវ ហើយស្រែកយំទំនងដូចជាមានការវង្វេងពីឪពុកម្តាយ ទើបកម្លាំងនគរបាលបាននាំក្មេងប្រុសស្រី ទាំង២នាក់នោះយកទៅប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីថែរក្សាបណ្ដោះអាសន្ន និងសួរនាំរកឪពុកម្តាយវិញ ។
ក្រោយពីសមត្ថកិច្ចបាននាំក្មេងទាំង២នាក់នោះទៅបុស្ដិ៍ហើយ ហើយបានព្យាយាមសួរនាំពួកគេ ប៉ុន្តែពួកគេពុំឆ្លើយតប ហាក់ដូចជាមានការភ័យខ្លាច មិនមាត់មិនកអ្វីនោះទេ។
នគរបាលមានសមត្ថកិច្ចសូមប្រកាស ដល់ប្រជាពលរដ្ឋក៏ដូចជាឪពុកម្តាយដែលបានបាត់កូនប្រុសស្រី ២នាក់ខាងលើ សុំមកទាក់ទងនៅប៉ុស្តិ៍នគរបាលវាលវង់ ព្រោះបច្ចុប្បន្នត្រូវបានអង្គការមិត្តសម្លាញ់យកទៅថែទាំបណ្តោះអាសន្នសិន រង់ចាំឪពុកម្តាយនិងសាច់ញាតិមកទទួលយកវិញ ៕
ដោយ៖ វិបុល