ខេត្តកណ្តាល៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាXR ធុន២៥០សេសេ ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ09 1-5777 បានបើកបោះពួយយ៉ាងលឿនទៅបុកជាមួយម៉ូតូ០១គ្រឿងទៀតបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង០២គ្រឿងដួលបោកទៅលើផ្លូវជាតិធ្វើឲ្យមនុស្ស៤នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២០ និង ១០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវលេខ២១ ត្រង់ចំណុចមុខរោងចក្រផលិតទឹកបរិសុទ្ធ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាXR ធុន២៥០សេសេ ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ09 1-5777 បើកបរដោយឈ្មោះ ផាន សុផាណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង ។ ចំណែកភាគីម្ខាងទៀតជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-0702 បើកបរដោយឈ្មោះ បឿន វៃ ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសបាក់ភ្លៅឆ្វេង និងអ្នករួមដំណើរជាមួយ២នាក់ទៀតទី១-ឈ្មោះ ប៊ុន ស័ក្ត ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសបាក់ដៃ ទី២-ឈ្មោះ ចំរើន កាលី ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសបាក់ជើង ។ ជនរងគ្រោះទាំង៣នាក់នេះមានទីលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនចាក់អង្រែ ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុមេឃបានបង្អោភ្លៀងលាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំង ហើយគេបានឃើញម៉ូតូម៉ាកហុងដាXRបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១ក្នុងទិសដៅពីជើងទៅត្បូង ខណៈជិះដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូស្មាស់រ៉េវ៉ូបើកបរបញ្ច្រាសទិសគ្នាជិះគ្នា៣នាក់ ពេញមួយទំហឹងបណ្តាលឲ្យម៉ូតូទាំង០២គ្រឿងដួលបោកទៅលើផ្លូវជាតិធ្វើឲ្យមនុស្ស៤នាក់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ក្រោយពីមានករណីម៉ូតូទាំង២គ្រឿងបុកគ្នារួចមកនៅកន្លែងកើតហេតុមានសភាពប្រែប្រួល ដោយសារតែបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាលើកម៉ូតូចេញពីកន្លែងដួលសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ ព្រោះខ្លាចមានអ្នកបើកបរផ្សេងទៀតមកបុកបន្ថែមដោយសារស្ថានភាពងងឹត ។ បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ