ខេត្តស្វាយរៀង៖ សិស្សជាប់បាក់ឌុប១០នាក់នៅខេត្តស្វាយរៀងដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ ទទួលបានកុំព្យូទ័រយួរដៃ(Laptop) ជាស្ថាពរពីព្រះអង្គ នី សុវណ្ណមុនីរ៉េត ។ ពិធីប្រគល់ជូននេះ បានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅសាលាស្រុកស្វាយជ្រុំ នៃខេត្តស្វាយរៀង ក្រោមការចូលរួមពីសំណាក់លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត ជាច្រើនរូប។
ជាគោល បំណងតាមការសន្យាព្រះអង្គនី សុវណ្ណមុនីរ៉េត បានសម្រេចផែនការប្រគេន និងជូននូវកុំព្យូទ័រដល់សិស្សប្រឡងជាប់បាក់ឌុបនៅខេត្តស្វាយរៀងជាស្ថាពរ ដែលសិស្សទាំងនោះ មានពិន្ទុខ្ពស់ជាងគេ ក្នុងខេត្តខាងលើ ។
លោក ហ៊ាន ចាន់វាសនាអ្នកតំណាងព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានបញ្ជាក់ថា នេះជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំសិក្សារៀនសូត្រម្យ៉ាងដោយសារព្រះអង្គមានមានដើមកំណើតមកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រលងថ្នាក់ទី១២ នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។ លោកបន្តថា រង្វាន់កុំព្យូទ័រ Laptopថ្មីទាំង១០គ្រឿង គឺសម្រាប់ផ្ដល់ឲ្យសិស្សជាប់បាក់ឌុប ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង១០នាក់ក្នុងខេត្តស្វាយរៀង ដោយមិនគិតពីនិទ្ទេសឡើយ។
នាឱកាសនោះលោកស្រី ដួង វណ្ណា បានថ្លែងអំណរគុណដល់ព្រះអង្គ នី សុវណ្ណមុនីរ៉េត ដែលមានសណ្តានចិត្តជួយលើកទឹកចិត្តដល់ក្មួយៗ ទើបប្រឡងបាក់ឌុបជាប់ ។ លោកស្រីក៏បានផ្តាំផ្ញើឲ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនជួយឲ្យម្ចាស់ទានមានចិត្តត្រេកអរ និងធ្វើជាគំរូល្អ ក្នុងសង្គមដោយរៀនចេះដឹងត្រូវចេះជួយសង្គមជាតិយើងឱ្យរីកចម្រើន ។ លោកស្រីថា នេះជាសមត្ថភាពពិតឥតក្លែងបន្លំ ដែលក្មួយៗដណ្តើមបានហើយរំពឹងថា ក្មួយៗនឹងជួយបង្រៀនប្អូនៗជំនាន់ក្រោយឱ្យបានល្អព្រមទាំងផ្តាំដល់ប្អូនៗប្រឡងបាក់ឌុបរដូលកាលខាងមុខខំរៀនយកនិទ្ទេសល្អឲ្យបាន ព្រោះយើងមានការលើកទឹកចិត្តជាបន្តទៀត។
គួរបញ្ជាក់ដែរថា សិសស្សទាំង១០រូបដែលទទួលបានរង្វាន់ខាងលើមានដូចជាសិស្សឈ្មោះមឿន ធូ មកពីវិទ្យាល័យពោធ៌ធំ, ឈ្មោះហេង ថែ មកពីវិទ្យាល័យស្វាយជ្រំ, ឈ្មោះខន សុបញ្ញា វិទ្យាល័យស្វាយជ្រំ, ឈ្មោះសោត ឧត្តមពិសិដ្ឋ មកពីវិទ្យាល័យស្វាយជ្រំ, ឈ្មោះទឹម សុខា មកពីវិទ្យាល័យស្វាយជ្រំ, ឈ្មោះដួង ថារី វិទ្យាល័យស្វាយជ្រំ, ឈ្មោះសាំ សឹង្ហន មកពីវិទ្យាល័យពោធ៌ធំ, ឈ្មោះឆាយ សាន មកពីវិទ្យាល័យស្វាយជ្រំ, ឈ្មោះឌុល ឆាន់មករា វិទ្យាល័យក្រោលគោ និងឈ្មោះប្អូនសុខ វិចិត្ត មកពីវិទ្យាល័យស្វាយជ្រំ ៕
ដោយ៖ វឌ្ឍនា