ខ្សែប្រយុទ្ធ Christian Benteke បានស៊ុតបាល់បញ្ចូលទីយ៉ាងលឿនបំផុតនៅក្នុង ប្រវតិ្តសាស្របាល់ទាត់ជម្រុះWorld Cupពេលក្រុមជម្រើសជាតិបែលហ្ស៊ិកប្រកួតឈ្នះក្រុមជម្រើសជាតិជីប្រាល់តាដោយ លទ្ធផល 6-0 ។
ក្រោយពីអាជ្ញាកណ្តាលផ្លុំកញ្ចែចាប់ផ្តើមការប្រកួតបានតែ៦វិនាទីប៉ុណ្ណោះខ្សែប្រយុទ្ធក្លិប Crystal Palace កីឡាករ Benteke អាច ស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ក្រុម ជីប្រាល់តាបាន១គ្រាប់ភ្លាម ។
កំណត់ត្រាចាស់ដែលកីឡាករ Davide Gualtieri របស់ជម្រើសជាតិសាន់ម៉ារីណូស៊ុតបាល់បញ្ចូលទីលើក្រុមជម្រើសជាតិ អង់គ្លេសនៅក្នុងឆ្នាំ១៩៩៣គឺប្រើពេល តែ៨,៣វិនាទី។ កីឡាករBentekeបានបំបែកកំណត់ត្រាថ្មី ដោយប្រើពេលតែ៦វិនាទី ហើយគាត់ក៏ជាកីឡាករអាចស៊ុតបាល់ បញ្ចូលទីលឿនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសបែលហ្ស៊ិកផងដែរ ។
ក្នុងចំណោម៦គ្រាប់ដែលបែលហ្ស៊ិកស៊ុតលើក្រុមជីប្រាល់តាកីឡាករ Benteke រកបាន៣គ្រាប់។ ចំណែកកីឡាករ Eden Hazard របស់ក្លិបតោខៀវកីឡាករ Axel Witsel និងDries Mertens រកបានម្នាក់មួយ គ្រាប់ ។
ក្រុមជម្រើសជាតិបែលហ្ស៊ិកដឹកនាំដោយលោកRoberto Martinezឈ្នះទាំង៣ប្រកួតដំបូងនៅក្នុងពូលHឈរកំពូលតារាង ៕
ដោយ៖ ដេវីត