ការស្រាវជ្រាវមួយបានបង្ហាញថា ការវាយតម្លៃស្ថានភាពពាណិជ្ជកម្មដោយក្រុមហ៊ុនអឺរ៉ុបនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ គឺមាន ភាពវិជ្ជមានពោលគឺ៦៦,៧ភាគរយ នៃក្រុមហ៊ុនទាំងនោះចាត់ទុកពាណិជ្ជកម្មរបស់ប្រទេសនេះថា មានស្ថានភាពល្អណាស់ ឬល្អ។
យោងទៅតាមសភាពាណិជ្ជកម្មអឺរ៉ុបនៅក្នុងប្រទេសវៀតណាមបានឱ្យដឹងថា ការស្ទង់មតិរបស់ខ្លួនបានបង្ហាញថា សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសវៀតណាម ត្រូវបានវាយតម្លៃដោយក្រុមហ៊ុនអឺរ៉ុបថា មានភាពវិជ្ជមានដោយក្នុងនោះ៩,៤ភាគរយនៃពួកគេបានវាយតម្លៃថា មានស្ថានភាពល្អណាស់និង៥៤,២ភាគរយថាល្អ។
ដោយសួរអំពីទស្សនៈវិស័យម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងត្រីមាស ក្រោយនោះ៥៦,៣ភាគរយបានបញ្ជាក់ថា ពាណិជ្ជកម្មមានស្ថិរភាពនិងភាពល្អប្រសើរឡើងខណៈដែល៩,៤ភាគរយរំពឹងថានឹងធ្លាក់ចុះ និង៣៤,៤ភាគរយគិតថាវានឹង មិនមានការផ្លាស់ប្តូរ។
ប្រហែលជា៤៩ភាគរយនៃអ្នកឆ្លើយ នោះបានរំពឹងថា ចំនួននៃអ្នកបញ្ជាទិញ ឬ ចំណូលនោះនឹងកើនឡើងបន្តិចបន្តួចនៅត្រីមាសក្រោយនេះ។
ម្យ៉ាងទៀតការឆ្លើយទៅលើគម្រោង អភិវឌ្ឍន៍និងការវិនិយោគក៏មានភាពវិជ្ជមានផងដែរ ពោលគឺ៤៣,៨ភាគរយនៃពួកគេ បានឆ្លើយថា ពួកគេនឹងបង្កើនការវិនិយោគ ខណៈដែល៤៣,៧ភាគរយបានរំពឹងថា គម្រោងអភិវឌ្ឍន៍នឹងកើនឡើង។
មានតែ៤,១ភាគរយប៉ុណ្ណោះដែលមានគ្រោងកាត់បន្ថយនូវការអភិវឌ្ឍរបស់ពួកគេ ខណៈដែល៥០ភាគរយនៅតែរក្សាក្នុងកម្រិតដដែល។
លោក Mrichael Behrens ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលថា លទ្ធផលសម្រាប់ត្រីមាសទី២បានបង្ហាញពីការរំពឹងទុកថា នឹងមានភាពវិជ្ជមាននាពេលអនាគត។
នេះគឺជាសញ្ញាដ៏ល្អសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាមដែលត្រូវបានគេ រំពឹងថានឹងជំរុញការវិនិយោគ និងពាណិជ្ជកម្មអឺរ៉ុបកាន់តែខ្លាំង៕
ប្រែសម្រួល៖ រ័ត្ន