កីឡាករ ឡៅ ផានាថ សុំសងសឹក ធា នុរាជ នៅ TV5 TIFFY ARENA

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ឡៅ ផានាថ មកពីក្លិបមកុដរាជសីហ៍បានត្រៀមឡើងទូទាត់បញ្ជីចាស់ជាមួយ កីឡាករ ធា នុរាជ អ្នក ប្រដាល់ក្លិបពោធិ៍ជ័យកីឡានៅល្ងាចថ្ងៃ អាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦នេះដើម្បី ជាការសងសឹកក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម នៅសង្វៀន TV5 TIFFY ARENA។

អ្នកប្រដាល់ជើងខ្លាំងទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងកាលពីថ្ងៃទី២ ខែមករា ២០១៦កន្លងទៅដែលជាលទ្ធផលកីឡា ធា នុរាជ បាន ឈ្នះ ឡៅ ផានាថ ដោយពិន្ទុ។ ចំពោះសមត្ថភាពរបស់ពួកគេប្រហាក់ ប្រហែលគ្នារួមទាំងកាយសម្បទាផង ប៉ុន្តែចិត្តអំណត់ក្នុងការប្រកួតខុសគ្នាបន្តិច។ ធា នុរាជ ថ្វីដ្បិតតែបានស្រុតចុះកម្លាំងបន្តិចនារយៈពេលចុងក្រោយនេះក្តីក៏គេនៅតែអាចប្រកួតពេញ៥ទឹកដដែល ។ ឡៅ ផានាថ ទោះបីជាការប្រកួតរបស់គេមិនសូវបានជួបសំណាងល្អ តែចិត្តប្រដាល់ធំមិន ខ្លាចឲ្យតែទម្ងន់ស្មើគ្នាគេវាយទាំងអស់ នេះគឺជាចំណុចពិសេសរបស់គេ។ ផានាថ មានកណ្តាប់ដៃ និងជើងទាត់ខ្លាំង រីឯជង្គង់កែងក៏អាចប្រើបានល្អគួរសមដែរមានប្រវត្តិឡើងសង្វៀន ហើយ ផានាថ ចាស់វស្សា ជាង ធានុរាជ ។ ការប្រកួតចុងក្រោយរបស់គេកាលពីថ្ងៃ៨ ខែតុលា ឆ្នាំ២០១៦មាន លក្ខណៈល្អប្រសើរ ដោយវាយឈ្នះជា សំណាងមកពីក្លិបខ្លារខិនមានប្ញទ្ធិក្នុងទឹកទី៤ ។

ជាមួយនឹងការប្រកួតរបស់គូសងសឹកខាងលើនេះដែរ កីឡាករ សួង សុវណ្ណថា មកពីសមាគមកីឡាក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយកីឡាករជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិក្នុងទម្ងន់៦០គីឡូក្រាម។ តាមពិតកាលពីមុន ជ័យ ប៊ុនសង ពុំមែនជាដៃគូប្រកួតរបស់សួង សុវណ្ណថា នោះទេ ពីព្រោះ ជ័យ ប៊ុនសង់ស្គាល់សង្វៀន ក្រោយ សុវណ្ណ ថា ប៉ុន្តែកីឡាប្រភេទនេះគេពុំគិតពីតួលេខ ឬក៏កម្រិតសមត្ថភាពនិងបច្ចេកទេសនោះទេសំខាន់គឺសេចក្តីក្លាហាន ។ សួង សុវណ្ណថា មានស្នៀតជង្គង់ និងកណ្តាប់ដៃល្អ។ ការប្រកួតចុងក្រោយ សុវណ្ណថា វាយឈ្នះ ផាន់ សារុន មកពីក្លិប គជសារកីឡាដោយពិន្ទុ។ ការប្រកួតចុងក្រោយរបស់ប៊ុនសង់វាយឈ្នះចាន់ រក្សា អ្នកប្រដាល់មកពីក្លិបអេភូថងកីឡាដោយពិន្ទុ៕

pisey-2016-10-13-full-d55

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print