ខេត្តបន្ទាយមានជ័យ៖ ប្រឡាយទឹកមួយកន្លែងដែលជាចំណុចរំដោះទឹកជំនន់ដ៏ សំខាន់ស្ថិតនៅខាងមុខសំណង់បង្ហៀរទឹកស្ពានតាផាន់ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ត្រូវឈ្មួញ អ្នកមានទ្រព្យធនកំពុងចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិ ខណៈ ដែលគេមើលឃើញថា ប្រឡាយទឹក និង ចំណីស្ទឹងបឹងបួ មួយចំនួននៅក្រុងសិរី សោភ័ណកំពុងត្រូវបានក្រុមឈ្មួញ និងអ្នកមានទ្រព្យធនចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យគ្មានការទប់ ស្កាត់ពីសំណាក់អាជ្ញាធរដែនដីនិងមន្ទីរ ជំនាញពាក់ព័ន្ធ ។ សកម្មភាពនៃការចាក់ដី រំលោភយកប្រឡាយទឹក និងចំណីស្ទឹង ត្រូវមជ្ឈដ្ឋានមហាជនលើកឡើងថា វាបង្ក ផលប៉ះពាល់និងប្រឈមបញ្ហាបិទផ្លូវទឹក រំដោះទឹកជំនន់មិនបាននៅពេលទឹកជំនន់ កើតឡើងបណ្តាលឱ្យលិចលង់លំនៅឋានស្រូវសចម្ការនិងបង្កផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានពីពលរដ្ឋប្រាប់ឱ្យដឹងថា សកម្មភាពចាក់ដីរំលោភយកប្រឡាយទឹកចំណុចសំណង់បង្ហៀរទឹកស្ពានតាផាន់ឈ្មួញបានធ្វើឡើងជាច្រើនខែមកហើយ ។ មិនតែ ប៉ុណ្ណោះគេបានបោះបង្គោលជាស្រេចដើម្បីរំលោភយកធ្វើសំណង់រឹងរាំសម្រាប់ធ្វើ អាជីវកម្មតែម្តង ។ ប្រឡាយទឹកចំណុច ស្ពានតាផាន់ត្រូវបានពលរដ្ឋប្រាប់ឱ្យដឹងថាជាប្រឡាយមួយយ៉ាងសំខាន់សម្រាប់ រំដោះទឹកជំនន់ពីផ្នែកខាងលើចេញពីទំនប់កណ្តោល សង្កាត់ទឹកថ្លា ឱ្យទឹកហូរធ្លាក់ចូលស្ទឹងសិរីសោភ័ណឆ្ពោះទៅទន្លេសាប ។
ជុំវិញបញ្ហានេះអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានទំនាក់ ទំនងទៅលោក យឹម ប៊ុនរុំ ប្រធានមន្ទីរ ធនធានទឹកខេត្តដើម្បីឱ្យជួយបំភ្លឺ ប៉ុន្តែ ទូរស័ព្ទរបស់លោកហៅចូល២ដង គ្មាន អ្នកទទួល ។
ដោយឡែក លោក វ៉ាយ កេងលី អភិបាល ក្រុងសិរីសោភ័ណប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទឱ្យដឹងថា ការចាក់ដីនៅចំណុចនោះលោកមិនបានដឹងនោះទេ រង់ចាំលោកឱ្យមន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល ។
សូមបញ្ជាក់ថានៅក្រុងសិរីសោភ័ណ គេសង្កេតឃើញថា ប្រព័ន្ធប្រឡាយសម្រាប់រំដោះទឹកជំនន់តាមដងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ នៅតាមចំណុចមួយ ចំនួនក៏កំពុងរងការចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិផងដែរ ។ ខណៈដែលនៅចំណុច ប្រឡាយទឹកស្ពានទី២បឹងឈូក ផ្លូវជាតិ លេខ៦ ក៏កំពុងរងការចាក់ដីរំលោភយក ចំណីប្រឡាយទឹកធ្វើជាកម្មសិទ្ធិហើយ ប្រឡាយទឹកដែលមានទំហំធំកាន់តែរួម តូចទៅៗ ។ ក្រៅពីចំណុចប្រឡាយទឹក ស្ពានទី១ សង្កាត់កំពង់ស្វាយ ឈ្មួញបានចាក់ដីរំលោភយកធ្វើកម្មសិទ្ធិប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចុះទៅហាមឃាត់ទាន់ពេលវេលាកាលពីពេលកន្លងទៅថ្មីៗនេះ ៕
ដោយ៖ សំ វិច្ឆិកា