ភ្នំពេញ៖ បទចម្រៀងថ្មីរបស់ផលិតកម្មថោន ដែលច្រៀងដោយតារាចម្រៀង ខេម គឺបទ “ជីវិតអ្នកប្រដាល់” ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់បម្រាមមិនឲ្យចាក់ផ្សាយ ក្រោយពីក្រសួងពិនិត្យឃើញថា មានការប្រើប្រាស់ភាសាមិនសមរម្យ ។
បម្រាមនេះ កើតតមានឡើងកឺក្រោយពីមានប្រតិកម្មពីសហព័ន្ធកីឡាប្រដាល់កម្ពុជាកាលពីពេលថ្មីៗនេះ ទាក់ទិនទៅនឹងអត្ថន័យនៃបទចម្រៀងខាងលើផងដែរ ។
នេះមិនមែនជាលើកទី១ទេ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់បម្រាមមិនឲ្យចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ និងវិទ្យុនូវបទចម្រៀងមួយចំនួនរបស់ផលិតកម្មថោន ក្រោយពីរងការរិះគន់ពីមហាជនថា បទចម្រៀងបានបង្កប់នូវអត្ថន័យមិនសមរម្យ ដូចជាបទ «អាម៉ុមប៉ុំពិត» បទ«ស៊ីបានចេះតែស៊ីទៅ»ជាដើម ។
ចុងក្រោយនេះ បទចម្រៀង ដែលនិពន្ធទំនុកច្រៀងដោយលោក ងួន សុបិន គឺបទ «ជីវិតអ្នកប្រដាល់» ដែលជាបទភ្លេងមរតកដើម ត្រូវបានក្រសួងដាក់បម្រាមជាច្រើនចំណុចក្រោយពី មានការរិះគន់ខ្លះៗពីសហព័ន្ធកីឡាប្រដាល់កម្ពុជា ។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីមានប្រតិកម្មពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាចំពោះបទចម្រៀងខាងលើ ក្រសួងបានសម្រេចដាក់បម្រាមចំនួន៦ចំណុច ។ លោកថា ប្រតិកម្មរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា គឺក្រោយពីបទចម្រៀងនេះ បានប្រើប្រាស់ពាក្យពេចន៍បន្ទុចបង្អាក់ដល់វិស័យកីឡាប្រដាល់ដូចជាពាក្យ «ត្រូវគេវាយដំដូចសត្វតិរច្ឆាន» និងពាក្យ «ឈឺហួសប្រមាណ» ជាដើម ដែលពាក្យនេះ ត្រូវបានលោក តែម ម៉ឺនលើកឡើងថា ជាការមើលងាយដល់កីឡាករប្រដាល់ ។ លោកថា កីឡាប្រដាល់ ជាការប្រកួតដោយមិត្តភាព មិនមែនជាសត្វតិរច្ឆានទេ ។
បម្រាមទាំង៦ចំណុច ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានដូចជា ទី១ ព្រមានដល់ផលិតកម្មថោន ឲ្យបញ្ចប់ការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ។ ទី២គឺហាមផលិតកម្មថោន ឈប់ចែកផ្សាយបទចម្រៀង«ជីវិតអ្នកប្រដាល់» តាមគ្រប់រូបភាព និងឲ្យផលិតកម្មនេះ ដកបទចម្រៀង ដែលចេញផ្សាយនៅលើ You Tube ជាផ្លូវការរបស់ខ្លួន ។ ទី៣ ហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិទ្យុ និងទូរទស្សន៍យកបទចម្រៀងនេះ ទៅចាក់ផ្សាយ ។ ទី៤ ហាមមិនឲ្យអ្នកចម្រៀង ខេម និងអ្នកចម្រៀងដទៃទៀត យកបទចម្រៀងនេះ ទៅច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី និងវេទិកាផ្សេងៗទៀត ។ ទី៥គឺ ហាមមិនឲ្យផលិតកម្មថោន យកបទចម្រៀងនេះ ទៅផលិតជាបទចម្រៀងខារ៉ាអូខេ ឬចម្រៀងកាយវិការឡើយ និងទី៦ គឺបង្គាប់ឲ្យផលិតកម្មថោនសុំទោសជាសាធារណៈជូនចំពោះសហព័ន្ធកីឡាប្រដាល់កម្ពុជា ។
អ្នកនិពន្ធទំនុកច្រៀងបទចម្រៀង ខាងលើ គឺលោក ងួន សុបិន្តបានបញ្ជាក់ថា ប្រតិកម្មខាងលើនេះ គឺកើតមានមួយខែកន្លងមកហើយ ហើយលោក ក៏បានជួបដោះស្រាយជាមួយក្រសួងពាក់ព័ន្ធហើយដែរ ហើយលោកទទួលយកនូវការដាក់បម្រាមរបស់ក្រសួងផងដែរ ។
ទោះជាយ៉ាងណា បម្រាមខាងលើនេះ ត្រូវបានមហាជនមួយចំនួនរិះគន់តបវិញ ថា ជាការបំបិទចោលនូវបទចម្រៀង ដែលបង្ហាញពីថតភាពសង្គមពិតជាក់ស្តែង ពិសេសទាក់ទឹនទៅនឹងជិវិតរបស់អ្នកប្រដាល់ ដែលមានជីវភាពខ្វះខាត មានអ្នកខ្លះរត់ម៉ូតូឌុប ហូបបាយវត្តជាដើម ។
គួរបញ្ជាក់ដែរថា បទចម្រៀងរបស់តារាចម្រៀង ខេម កន្លងមកទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសលើបទចម្រៀងបែបមនោសញ្ចេតនា បែបអប់រំសង្គមដូចជា បទ «លើលោកនេះ អ្នកណាចង់ក្រ» បទ«ពុកអើយ ម៉ែអើយ» បទ «ទឹកភ្នែកក្មេងពាល» បទ «ប្តីអ្នកក្រ» បទ«យោធិនពិការ»ជាដើម ៕
https://youtu.be/KqyQvzj6m04
ដោយ៖ វឌ្ឍនា