ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសម្មភាពវាយប្លន់យកម៉ូតូមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចទំនប់ទឹកក្របួចជាប់និងដកហូតបានម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះឆេង មានរាជ អាយុ១៥ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិបឹងប្រលឹង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២ឈ្មោះយឹម ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនិងស្នាក់មិនពិតប្រាកដ ។
ចំណែកឯជនរងគ្រោះទី១មានឈ្មោះចិន្ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្សារបែកចាន ទី២ឈ្មោះរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ស្ទឹងមានជ័យ សង្កាត់ទឹកមានជ័យ ខណ្ឌមានជ័យ និងទី៣ឈ្មោះតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា៣នាក់បានចេញពីក្លិបTOPបានបើកម៉ូតូ១គ្រឿងតាមបណ្ដោយផ្លូវ២៧១ពីត្បូងទៅជើង ចំណែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់បិុច ពាក់ស្លាកលេខភ្នំពេញ1BP-2925បើកតាមពីក្លិបមករហូតដល់មុខមន្ទីរពេទ្យរុស្ស៊ីបានធ្វើសកម្មភាពយកដំថ្មគប់វាយប្លន់តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកចោរៗ ខណៈពេលនោះសមត្ថកិច្ចកំពុងតែល្បាតផងនោះក៏បានដេញចាប់ប្រផាតប្រភើងរហូតដល់គល់ស្ពានច្បារអំពៅទើបឃាត់ខ្លួនបានទាំង២នាក់និងដកហូតម៉ូតូ១គ្រឿងផងដែរ។
បច្ចប្បន្នជនសង្ស័យនិងម៉ូតូជាមធ្យាបាយរបស់ជនសង្ស័យត្រូវនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌចំការមនឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ