ភ្នំពេញ៖ រថយន្តកាមរីហាយព្រីតមួយគ្រឿងបើកបរដោយនារីក្មេងម្នាក់ស្រវឹងស្រា ហើយបានរេចង្កូតពេញផ្លូវជ្រុលទៅបុកបង្គោលចិញ្ចើមផ្លូវស្ថានទូតចិនបណ្ដាលឲ្យបាក់អស់៤កង់ សំណង់ល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបង្កហេតុនិងប្រជាពលរដ្ឋ ។
ករណីនេះកើតឡើងនៅវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចជាប់របងស្ថានទូតចិនផ្នែកខាងជើង តាមបណ្ដោយផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមាននារីម្នាក់ដែលស្រវឹងស្រា ហើយបានបើករថយន្តបង្កម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q-3117 តាមបណ្ដោយផ្លូវ១៧៣ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿននិងរេចង្កូតពេញផ្លូវផងនោះក៏ជ្រុលឡើងលើឃឿនបុកបង្គោលថ្មជាប់របងស្ថានទូតចិនបណ្ដាលឲ្យបាក់អស់៤កង់ និងបណ្តាលឲ្យរថយន្តខូចខាត តែសំណង់ល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួច គេសង្កេតឃើញមានខាងក្រុមគ្រួសារជនបង្កហេតុបានមកដល់ និងរៀបរំដោះអ្នកបង្កចេញ តែភ្លាមៗខាងសមត្ថកិច្ចមូលដ្ឋានបានចុះមក និងឃាត់ខ្លួនជនបង្កបាន រួមទាំងទំនាក់ទំនង់ទៅជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងអ្នកបើករថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ