មានករណីបាញ់ប្រហារពីរលើកនៅក្នុងរដ្ឋ Maryland និង New York សហ រដ្ឋអាមេរិកកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៦ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង១១នាក់ទៀតរងរបួស។
បណ្តាញទូរទស្សន៍ Press TV បានដកស្រង់សម្តីមន្ត្រីប៉ូលិសនៅក្នុងតំបន់ Prince George បានឲ្យដឹងថា មានហេតុការណ៍បាញ់ប្រហារមួយនៅព្រឹកថ្ងៃទី៣០ ខែតុលា (តាមពេលវេលាក្នុងតំបន់) ស្ថិតនៅតំបន់ អគារខុនដូ ក្នុងតំបន់ Prince George រដ្ឋ Maryland សម្លាប់មនុស្ស២នាក់ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ជន រងគ្រោះទាំង២នាក់ មានឈ្មោះ Todd Webb Jr អាយុ១៤ឆ្នាំ និងឈ្មោះ Brian Davis អាយុ១៨ឆ្នាំ។ តាមការប្រកាសរបស់ប៉ូលិសក្រៅពីអ្នកស្លាប់ក៏មានមនុស្ស៤នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់រ៉ះខាងលើដែរ។ កម្លាំងជំនាញកំពុងតែបើកការស៊ើបអង្កេតស្វែងរកពីមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារខាងលើ។
បណ្តាញព័ត៌មាន WUSA បានផ្សាយថា ក្នុងចំណោមអ្នករងរបួស៤នាក់ មានម្នាក់ស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ និង៣នាក់ ទៀតក៏របួសធ្ងន់ផងដែរ។ លោក Tytler Hunter អ្នកនាំពាក្យកម្លាំងប៉ូលិសបានឲ្យដឹងថាយើងកំពុងតែប្រមូលព័ត៌មានពាក់ព័ន្ធនឹងការបាញ់ប្រហារខាងលើបណ្តាលឲ្យមនុស្សរបួស៤នាក់និងស្លាប់២នាក់។
លោក Tytler Hunter បន្តទៀតថា មកទល់ពេលនេះមិនទាន់រកឃើញជនសង្ស័យណាមួយឈានដល់ការចាប់ខ្លួននៅឡើយ ទេ។
ករណីបាញ់ប្រហារលើកទីពីរកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ដូចគ្នានៅក្នុងពិធីជប់លៀង Halloween ស្ថិតនៅតំបន់ Newburgh ក្នុងរដ្ឋញូវយ៉កបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ ។ ហេតុការណ៍បាញ់ប្រហារខាងលើបណ្តាលឲ្យស្ត្រីមានដើមកំណើតជនជាតិអាហ្វ្រិកអាយុ១៨ឆ្នាំម្នាក់ស្លាប់ ។ ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗក្រោយពីបាញ់ប្រហារ។ប៉ូលិសក៏មិនទាន់អាចសន្និដ្ឋានបានថា មានជនដៃដល់ប៉ុន្មាននាក់ចូលរួមនៅក្នុងសកម្មភាពបាញ់ប្រហារនោះឡើយ។
ប៉ូលិសទីក្រុងញូវយ៉កមិនទាន់អាចបញ្ជាក់ពីចំនួននាក់របួសនៅឡើយ ប៉ុន្តែសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា មានអ្នករបួស៧នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ូលិសបានស្នើដល់ពលរដ្ឋជួយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការបាញ់ប្រហារនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី