ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់បណ្តាក្រុមហ៊ុនធំៗក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ឆ្នាំនេះ នឹងក្លាយជាឱកាសកើបប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់សិល្បករពិសេសផ្នែកតារាចម្រៀង ។ តាមការបញ្ជាក់ពីអ្នកផលិតកម្មវិធីនិងសិល្បករជាច្រើនសុទ្ធតែអះអាងថា តារាចម្រៀងល្បីៗនឹងមានឱកាសរកលុយបានពីការច្រៀងមិនតិចទេដែលអ្នកខ្លះអាចឈានដល់ជាងមួយម៉ឺនដុល្លារ។
មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលត្រេកអរ និងសាទរចំពោះការអនុញាតិរបស់រដ្ឋាភិបាលក្នុងការឲ្យប្រារព្ធឡើងវិញចំពោះព្រះរាជពិធីបុណ្យអុំទូកអកអំបុក សំពះព្រះខែ។ សិល្បករអបអរសាទរក៏ព្រោះតែពួកគេអាចរកបានប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែលពីកម្មវិធីប្រគុំតន្ត្រីរបស់បណ្តាក្រុមហ៊ុននានា ពិសេសក្រុមហ៊ុនផលិតស្រាប៊ៀធំៗនៅកម្ពុជា។
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធបានបង្ហាញក្ដីរីករាយជាខ្លាំងបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសរៀបចំបុណ្យអុំទូកឡើងវិញ។ ទាំងនេះបានធ្វើឱ្យការងារសិល្បៈរបស់លោក រួមទាំងតារាផ្សេងទៀតមានការងារធ្វើ និងអាចរកចំណូលបានមួយកម្រិតទៀត។ លោកបានឱ្យដឹងថា មកទល់នឹងពេលនេះលោកក៏មានក្រុមហ៊ុនមួយចំនួនកក់រួចរាល់អស់ហើយដែររយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះ។ លោកមិនបង្ហើបពីតម្លៃខ្លួនដែលទទួលបានរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកខាងមុខឡើយ ក៏ប៉ុន្តែបើតាមទីផ្សារបច្ចុប្បន្នក្នុងមួយកម្មវិធីតារារូបនេះបានកម្រៃចន្លោះពី ២០០០ដុល្លារទៅ ២៥០០ដុល្លារ។ ដូច្នេះរយៈពេលបីថ្ងៃលោកអាចនឹងរកចំណូលបានមិនក្រោមមួយម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះទេ។
ងាកមកតារាចម្រៀង មាស សុខសោភា វិញបានប្រាប់ថា រយៈពេល៣ថ្ងៃ គឺមានគេកក់ពេញទាំងអស់មកទល់នឹងថ្ងៃនេះ។ តែតារាចម្រៀងរូបនេះមិនបង្ហើបពីតម្លៃខ្លួនដូចគ្នា តែតារារូបនេះប្រាប់ថា អាចច្រៀង៣ទៅ៤កម្មវិធីក្នុងមួយថ្ងៃ។ ដូច្នេះគេជឿជាក់ថា កញ្ញាក៏រកចំណូលមិនក្រោមមួយម៉ឺនដុល្លារនោះរយៈពេល៣ថ្ងៃខាងមុខ ព្រោះនាងគឺជាតារាឈានមុខម្នាក់ និងមានតម្លៃខ្លួនចន្លោះពី ២០០០ដុល្លារ ទៅ ២៥០០ដុល្លារសម្រាប់ការច្រៀងក្នុងមួយកម្មវិធី។
តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ដែលមិនដែលអវត្តមានសោះក្នុងឱកាសខាងលើបានបញ្ជាក់ថា នាងពិតជាមានក្ដីសប្បាយរីករាយបន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកប្រារព្ធឡើងវិញក្នុងឆ្នាំនេះ។ ក្នុងនោះតារាៗអាចរកចំណូលមិនក្រោមមួយម៉ឺនដុល្លារក្នុងម្នាក់តាមប្រជាប្រិយភាពរៀងៗខ្លួន។ នាងថា សិល្បការិនីចំណេញច្រើនណាស់ ព្រោះពួកគេអាចរកចំណូលបានច្រើនពីកម្មវិធីរយៈពេល៣ថ្ងៃខាងមុខ។ តារាចម្រៀងរូបនេះបន្តថា ការទទួលបានផលកម្រៃច្រើន ឬតិចអាស្រ័យទៅតាមការអញ្ចើញឱ្យច្រៀង និងសម្ដែងពីម្ចាស់ក្រុមហ៊ុន និងស្ថានីយទូរទស្សន៍ រួមទាំងប្រជាប្រិយភាពរបស់ពួកគេរៀងខ្លួនៗ។ អ្នកនាងអះអាងថា មកទល់នឹងពេលនេះអ្នកត្រូវក្រុមជាច្រើនកក់រួចរាល់ហើយដើម្បីទៅសម្ដែងក្នុងកម្មវិធីរបស់គេនាថ្ងៃអុំទូកខាងមុខ។
គួរបញ្ជាក់ដែរថា បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ធ្លាប់ខកខាន៣ឆ្នាំមកហើយ ពោលគឺនៅឆ្នាំ២០១២ ដោយសារអតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមរតនកោដ្ឋសោយទីវង្គត់ នៅឆ្នាំ២០១៣ ទឹកបានឡើងជនប្រៀបខ្លាំង ហើយឡែកនៅឆ្នាំ២០១៥ ក៏បានផ្អាកម្ដងទៀតដោយសារសម្ពាធទឹកឡើងខ្លាំងពេក។ ព្រះរាជពិធីនេះនឹងចាប់ផ្តើមប្រារព្ធជាថ្មីនៅឆ្នាំនេះដែលនឹងចាប់ផ្ដើមនៅ ថ្ងៃទី ១៣ ,១៤ និង១៥ ខែ វិច្ឆិកាខាងមុខ៕
ដោយ៖ វឌ្ឍនា