រថយន្ដរបស់ស្រាបៀរកម្ពុជាព្រលះគ្នាជាមួយម៉ូតូរបួសធ្ងន់ និងស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមុន្ទីពេទ្យភ្លាមៗ ខណះពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយត្រូវបានរថយន្ដរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបើកក្នុងល្បឿនលឿនឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្នជ្រុលទៅបុកចំម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នកនៅពីក្រោយដួលរងរបួសធ្ងន់ និងស្រាល ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅជិតឃ្លាំងសាំងសូគីមិក ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន ពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៍ក្រហម ពាក់ស្លាកលេខ 1E-5134 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿងម៉ាក ទួរីស ពាក់ស្លាកលេខ 2T-6448 ជារថយន្ដរបស់ក្រុមហ៊ុនស្រាបៀរ កម្ពុជា បានធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ហើយបានឆ្លងផ្លូវទៅខាងឆ្វេងដៃក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលអោយយុវជន ទាំងពីរនាក់បោកផ្ទុបជាមួយរថយន្ដរងរបួសធ្ងន់ដឹកតាមរថយន្តយកទៅសង្គ្រោះទាន់ពេល ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ អ្នកបើករថយន្ដបានបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តចោលនៅកន្លែង កើតហេតុ ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងនគរបាលជំនាញចុះ វាស់វែងយកម៉ូតូ និងរថយន្ដយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយតែខាងភាគីរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា បើកឆ្លងផ្លូវ មិនបានប្រុងប្រយ័ត្ន និងមិនបានមើលមុខមើលក្រោយ មិនមានការយោគយល់អធ្យាស្រ័យគ្នា ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបានដូច្នេះ ៕

...

ដោយ៖ ចាន់ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print