ភ្នំពេញ៖ អ្នកជិះម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងបួសធ្ងន់ ស្រាល៣នាក់ ម្តាយកូនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១០១៥កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនរងគ្រោះទាំង៣នាក់នោះ ទី១ ឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ,ទី២ ឈ្មោះ សុខ ស៊ីថា ភេទស្រី អាយុ១៦ឆ្នាំ និងទី៣ ឈ្មោះ ឱម សុខនាថ ភេទប្រុសអាយុ១០ឆ្នាំ ជាសិស្សសាលាបឋមសិក្សាភ្នំពេញថ្មី។ អ្នកទាំង៣នាក់ជាម្តាយ និងកូនមានទីលំនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ។
ប្រភពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីឈ្មោះសុខ ដាលីន បាជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខភ្នំពេញ1AD8542 ដឹកកូនទៅរៀននៅសាលាបឋមសិក្សាភ្នំពេញថ្មី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០១៥ក្នុងទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុនៅត្រង់ផ្លូវកែងលេខ១៩៦៦ ក៏ត្រូវរថយន្តធុនធំ១គ្រឿងម៉ាកFuso ពាក់ស្លាកលេខ ភ្នំពេញ3A0842 ជារថយន្តស្ទូចមានដឹករ៉ូឡូ១គ្រឿងផង បើកតាមផ្លូវលេខ១៩៦៦ ក្នុងទិសដៅពីកើតទៅលិច បានរេចង្កូតមកបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់កូនៗ២នាក់ និងម្តាយរបួសស្រាល។
ចំណែកភាគីអ្នកបើកបររថយន្តបង្ក ភ័យពេករត់គេចខ្លួនបាត់ភ្លាមៗនៅសល់តែព្រូឡានម្នាក់ឈ្មោះ ហុង។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងនាំយកយានយន្តទាំង២ប្រភេទទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ វិបុល