ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ក្របួចជាប់ និងវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសឡើងទ្រមខ្លួន ខណៈដែលបុរសរូបនោះបើករថយន្តក្នុងល្បឿនយ៉ាងលឿនបុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង ហើយមិនព្រមទទួលខុសត្រូវ បែរជាបើករថយន្តរត់គេចខ្លួន តែគេចមិនផុតត្រូវប្រជាពលរដ្ឋយកដុំថ្ម បំបែកកញ្ចក់រថយន្ត រួចក៏ជ្រុលទៅបុកជាមួយរ៉ឺម៉កកង់៣ ទៅមុខមិនរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្បែរស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Porsche ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2K-1968 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងម៉ូតូម៉ាកអាយខន ពណ៌សលាយលឿង យ៉ាងពេញទំហឹងបណ្តាលឲ្យដួលរួចរថយន្តបង្កបុកអូសជាច្រើនម៉ែត្រ ត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នាំគ្នាដេញតាមវាយបំបែកកញ្ជក់រថយន្ត តែម្ចាស់រថយន្តមិនព្រមចុះពីរថយន្តនោះទេ នៅតែបន្តបើកទៅមុខ តែចុងក្រោយត្រូវបានជាប់គាំងនៅពេលដែលបុកជាមួយ រ៉ឺម៉កកង់បីមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម ទើបលើកដៃសំពះ មិនហ៊ានចុះចេញពីរថយន្តនោះទេ បន្ទាប់មកគេឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងនាំជនបង្កនិងរថយន្តទៅការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស តារា