ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សយ៉ាងតិច១១នាក់បានបាត់បង់ជីវិតជាបន្តបន្ទាប់ដោយសង្ស័យពុលស្រា ស្ថិតនៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ថា ពលរដ្ឋក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល បានស្លាប់ជាបន្តបន្ទាប់ ប៉ុន្មាន៣ថ្ងៃមកនេះចំនួន១១នាក់ហើយ ដោយសង្ស័យថា ពុលស្រា ហើយនៅមានជាច្រើនទៀត ដែលបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង។ នៅក្នុងមន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះបន្ទាន់ប្រជាពលរដ្ឋ ចំនួន១០នាក់ ដែលគេសង្ស័យថា បានពុលស្រា ក្នុងនោះមានស្ថានភាពធ្ងន់មានចំនួន២នាក់ និង៨នាក់ទៀត មានស្ថានភាពស្រាល ។
មុនពេលមានហេតុការណ៍នេះកើតឡើត គឺប្រជាពលរដ្ឋបានពិសាស្រា ក្នុងពិធីបុណ្យសព៧ថ្ងៃ របស់សាច់ញាតិក្នុងភូមិ ដោយមានអ្នកខ្លះហូបតិច និងអ្នកខ្លះហូបច្រើន ស្រាប់តែយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានអាការៈ រាករូស ក្អួត ថប់ដង្ហើប និងស្រវាំងភ្នែក ហើយក្រោយមកអ្នកស្រុក បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមៗ។
គេនៅមិនទាន់ស្វែងរកការអះអាងបញ្ជាក់ច្បាស់លាស់បន្ថែមពីមូលហេតុពិតប្រាកដពីកម្លាំងជំនាញនៅឡើយទេ ។ មន្ត្រីឲ្យដឹងថាការពុលនេះមានរយៈពេល៣ថ្ងៃហើយគិតត្រឹមព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ៕