ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវព្រះរាជហឫទ័យសោមនស្សរីករាយឥតឧបមាចំពោះព្រះរាជពិធីអបអរសាទរព្រះរាជបរមងារថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ដែលបានរៀបចំនៅវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។
ដោយយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយបង្គំ សម្តេចព្រះសង្ឃ-ព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទបុរីវង្ស ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ខ្ញុំមានសេចក្តីរំភើប និងសោម នស្សរីករាយណាស់ ក្នុងពេលដែលសម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះ សង្ឃ ព្រះថេរានុត្ថិរៈ គ្រប់ព្រះអង្គ និងសួរសុខទុក្ខបងប្អូនពុទ្ធសាសនិក យាង និមន្ត និងអញ្ជើញមកជួបជុំគ្នានាពេលនេះ ដើម្បីសម្តែងអំណរសាទរយ៉ាងក្លៀវ ក្លា ចំពោះព្រះរាជបរមងារថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ដែលខ្ញុំព្រះ ករុណាខ្ញុំទើបបានទទួល ។
ខ្ញុំព្រះករុណាយល់ថា ព្រះរាជបរមងារថ្នាក់ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនា ដែលអ្នកកាន់ព្រះពុទ្ធសាសនាទាំង៥១០លាននាក់ នៃប្រទេសទាំង៤១ក្នុងទ្វីប ទាំង៥ នៃពិភពលោកបានថ្វាយខ្ញុំព្រះករុណាខ្ញុំ ជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត មិនមែនសម្រាប់តែខ្ញុំព្រះករុណាខ្ញុំតែមួយព្រះអង្គ ឯងទេ ប៉ុន្តែសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្ត្រគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ខ្ញុំព្រះករុណាខ្ញុំ សូមឆ្លៀត ព្រះរាជវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ដើម្បីសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចព្រះវនរ័ត ដែលបានរៀបចំពិធីដ៏មហោឡារិកនេះឡើងជាលើកដំ បូង ដើម្បីសម្តែងនូវអំណរសាទរចំពោះមហាកិត្តិយស ដែលខ្ញុំព្រះករុណាខ្ញុំទើប បានទទួលជា “ព្រះស្រីលោកធម្មិករាជ” ដែលសន្និសីទកំពូលពិភពលោកលើកទី ៦នៃអង្គការព្រះពុទ្ធសាសនាពិភពលោក និងអង្គការព្រះពុទ្ធសាសនានិកាយ ណេនប៊ុត្ស៊ី ស៊ី ជប៉ុនបាននាំមកថ្វាយដល់ខ្ញុំព្រះករុណាខ្ញុំ កាលពីថ្ងៃទី០១ខែ មិថុនា ឆ្នាំ២០១៥កន្លងទៅ។
ព្រះរាជបរមងារកិត្តិយស “ព្រះស្រីលោកធម្មិករាជ” មានអត្ថន័យសម្រាយ ថា ព្រះរាជាដែលមានគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងជាគំរូក្នុងការគោរពប្រណិបត្តិ ព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួនបំផុត ត្រូវបានគណៈប្រតិភូជាន់ខ្ពស់ នៃសន្និសីទកំ ពូលព្រះពុទ្ធសាសនាថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ដែលប្រជាជាតិកម្ពុជា ទាំងមូលបានប្រារព្ធព្រះរាជពិធីដង្ហែចូលព្រះបរមរាជវាំង កាលពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៥។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជបន្ទូលថា ខ្ញុំមានសេចក្តីរំ ភើបរីករាយណាស់ចំពោះព្រឹត្តិការណ៍ដ៏គគ្រឹកគគ្រេងនាថ្ងៃនេះ ដែលជាការ បញ្ជាក់យ៉ាងច្បាស់នូវការយកព្រះទ័យទុកដាក់គាំទ្រស្វាគមន៍យ៉ាងកក់ក្តៅស្មោះសរជាទីបំផុតរបស់សម្តេចព្រះអគ្គ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ និងព្រះថេរានុត្ថិរៈគ្រប់ព្រះអង្គ លោក យាយលោកតា បងប្អូនកូនចៅ ពុទ្ធបរិស័ទគ្រប់រូបចំពោះមហាកិត្តិយស ដែលខ្ញុំ ព្រះករុណាខ្ញុំទទួលបាន ។ ការរីកចម្រើនយ៉ាងត្រចះត្រចង់ខាងព្រះពុទ្ធសាសនា នាពេលនេះ ក៏អាស្រ័យដោយមានការរីកចម្រើនយ៉ាងធំធេងគ្រប់វិស័យក្នុង សង្គមជាតិទាំងមូល ដែលកើតឡើងពីការខិតខំប្រឹងប្រែងយកចិត្តយកចិត្តទុក ដាក់យ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ។
នៅក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្របានសម្តែងនូវការកោតសរសើរ ចំពោះសម្តេចព្រះវនរ័ត សម្តេចព្រះសង្ឃនាយករងទី៣ ព្រះចៅអធិការវត្តច័ន្ទបុរី វង្ស ដែលបានខិតខំប្រឹងប្រែងកសាងសមិទ្ធផលក្នុងទីអារាមនេះឱ្យមានការរីក ចម្រើនថ្កុំថ្កើងរុងរឿង មានសំណង់គរុភណ្ឌ ប្រកបដោយសោភ័ណភាព មានព្រះ វិហារ កុដិ សាលាហោត្រ័យ សុទ្ធតែសង់តាមលក្ខណសិល្បៈស្ថាបត្យកម្មខ្មែរ យ៉ាងល្អត្រចះសមជាព្រះពុទ្ធសរណដ្ឋាន ជាទីស្ងប់ ជាទីគោរពប្រតិបត្តិព្រះធម៌ នាំឱ្យពុទ្ធបរិស័ទកើតសេចក្តីជ្រះថ្លា ក្នុងការធ្វើបុណ្យសុន្ទរទាន សន្សំកុសលជា អត្ថប្រយោជន៍សម្រាប់បុគ្គល និងសង្គមជាតិទាំងមូល នៅក្នុងបច្ចុប្បន្នកាល និង ទៅអនាគតកាល ។
ព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជបន្ទូល ថា វត្តច័ន្ទបុរីវង្ស ដ៏ល្អត្រចះត្រចង់នេះ អាចចាត់ទុកជាមជ្ឈមណ្ឌលនៃវប្បធម៌ សិល្បៈខ្មែរ ជាគំរូខាងសិល្បៈបែបព្រះពុទ្ធសាសនា និងជាមជ្ឈមណ្ឌល នៃការ អប់រំសិក្សា រៀនសូត្រសម្រាប់ភិក្ខុ សមណេរ ដែលជាកូនចៅអ្នកក្រីក្រ កូនចៅ ពុទ្ធបរិស័ទចំណុះជើងវត្តក្រេបជញ្ជក់យកចំណេះដឹង ចំណេះធ្វើខាងអាណាចក្រ ព្រមទាំងជាទីពឹងពំនាក់នៃជនក្រីក្រ កំសត់ ទុរគត ឥតទីពឹងស្នាក់អាស្រ័យទៀត ផង។
នៅក្នុងពិធីដ៏អធិកអធមនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឫទ័យនូវបរិក្ខារ បច្ច័យថ្វាយ-ប្រគេន សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃ ព្រះភិក្ខុសង្ឃសរុបចំនួន២០០ព្រះអង្គ និង បានប្រោសព្រះរាជទានព្រះរាជអំណោយដល់ដូនជី តាជីចំនួន២.០០០នាក់ ក្នុង ម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកាចំនួន២០.០០០រៀលផងដែរ ៕