ខេត្តកំពង់ចាម៖ កំលោះចិត្តព្រាន ហ៊ានហួសតម្រាម្នាក់ ត្រូវបានអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ពីបទអំពើអាសប្រឆាំងអនីតិជនក្រោមអាយុ១៥ឆ្នាំ បន្ទាប់ពីគេលូកលាន់ចាប់សុដន់កុមារីម្នាក់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ហើយជននោះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមនីតិវិធី ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនជាប់ចោទឈ្មោះហ៊ី ម៉េងសៀង អាយុ១៨ឆ្នាំ ជាកូនប្រុសរបស់ អាវករលក់ដូរឈ្មោះវណ្ណា នៅក្នុងភូមិ-ឃុំកើតហេតុ។ ចំណែកនារីរងគ្រោះ ឈ្មោះ ក.ស.ល អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុដូចគ្នា។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រើបានប្រើនាងឲ្យទៅទិញភេសជ្ជៈខារ៉ាបាវ១កំប៉ុង និងទឹកដោះគោឡាក់តាសយ១កំប៉ុង។ ពេលនោះនាងបានជិះម៉ូតូតែម្នាក់ឯងមកទិញភេសជ្ជៈនៅតូបរបស់ឈ្មោះ វណ្ណា នៅក្នុងភូមិជាមួយគ្នា។ លុះពេលទៅដល់តូប នាងឃើញកូនប្រុសរបស់ម្ចាស់តូបនៅលក់តែម្នាក់ឯង ហើយនាងក៏ឲ្យយកភេសជ្ជៈទាំង២កំប៉ុង តម្លៃ៤.៥០០រៀល តែដោយភេសជ្ជៈមិនសូវត្រជាក់ នាងក៏ឲ្យអ្នកលក់កំលោះជាម្ចាស់តូបថែមទឹកកក២-៣ដុំទៀត។
ពេលនោះអ្នកលក់បានយកទឹកកកមកឲ្យ និងទារលុយចំនួន៥.០០០រៀល គឺភេសជ្ជៈ២កំប៉ុងតម្លៃ៤.៥០០រៀល និងទឹកកក៥០០រៀល តែនាងថាគ្មានលុយ ហើយទឹកកកនោះនាងមិនបានទិញទេគឺសុំថែមទេតើ។ បន្ទាប់មក កូនប្រុសម្ចាស់តូបបានលូកដៃស្តាំចាប់ច្របាច់សុដន់ខាងស្តាំរបស់នាងយ៉ាងខ្លាំងធ្វើឲ្យនាងឈឺ ក៏ឡើងជិះម៉ូតូទៅប្រាប់ម្តាយ ។
ប្រភពដដែលបានបន្តឲ្យដឹងថា អ្នកស្រី ហ៊ាង ណៃស៊ីម ជាម្តាយរបស់កុមារីរងគ្រោះ ក្រោយពីបានលឺពាក្យកូនស្រីប្រាប់ដូច្នេះខឹងយ៉ាងខ្លាំង ក៏ទាញម៉ូតូជិះមកស្តីឲ្យឈ្មោះ ហ៊ី ម៉េងសៀង ជាកូនប្រុសរបស់ម្ចាស់តូបថា មើលងាយគាត់ បន្តាប់មកក៏ប្តឹងសមត្ថកិច្ចតែម្ដង ។
ប្រភពដដែលបានក៏បានបញ្ជាក់ថា ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ហ៊ីម៉េងសៀង បានសារភាពថា ខ្លួនពិតជាបានចាប់ច្របាច់សុដន់នាង«ក ស ល»មែន តែខ្លួនធ្វើលេង មិនមានបំណងអាក្រក់ទេ។រហូតមកដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ចាម បានបញ្ជូនសំណុំរឿង និងជនសង្ស័យឈ្មោះ ហ៊ី ម៉េងសៀង ទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់ ៕
ដោយ៖ វិបុល