ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅក្នុងវិទ្យាស្ថានជាតិអប់រំ ។
និស្សិតដែលទទួលបានសញ្ញាបត្រ ទាំងអស់ រួមមាននិស្សិតជ័យលាភី ថ្នាក់ បរិញ្ញាបត្ររងជំនាន់ទី ៩ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី ៧, ទី ៨ និងទី ៩ និង ថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ ជំនាន់ទី ៦ និងទី ៧ សរុបចំនួន ១.៨៣៦ នាក់ នារី ៧២៣ នាក់ ស្មើនឹង ៣៩ ភាគរយ ។
លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា សាកល វិទ្យាល័យភ្នំពេញអន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៥៩ អនក្រ.បក ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០០២ ដោយក្នុងនោះមានមហាវិទ្យាល័យដូចជា មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងទេសចណ៍, មហាវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងគ្រប់គ្រងពត៌មានវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងថ្នាក់ក្រោយឧត្តម ។
ក្រៅពីនេះក៏មានមជ្ឈមណ្ឌលភាសាបរទេស មានភាសាអង់គ្លេស និងភាសាជប៉ុន និងការបណ្ដុះបណ្ដាលសិស្សថ្នាក់វិជ្ជាជីវៈ រយៈពេលខ្លី និងមធ្យមដូចជា គណនេយ្យ, កុំព្យូទ័រ ហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម ។
លោកស្រីសាកលវិទ្យាធិការ បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សរុបចំនួន ៦.៥៨៩ នាក់ នារី ២.៥៩២នាក់ ក្នុងនោះមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាជាន់ខ្ពស់ ចំនួន ៤.៦៥២ នាក់ នារី ១.៧៧៧ នាក់។ ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងបុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៣០៦ នាក់ នារី ៧២ នាក់ និងមាន សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត កំពុងសិក្សា សរុបចំនួន ៦.២១៥ នាក់ នារី ២.៤៥០ នាក់ ក្នុងនោះនិស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាជាន់ខ្ពស់ សរុប ចំនួន ៤.៨៨៧ នាក់ នារី ១.៩៨២ នាក់ ៕
ដោយ៖ ហេង សូរិយា