តើករណីរបស់តំណាងរាស្ត្រម្នាក់ ដែលត្រូវបានគេប្តឹងចំនួន៣បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទកេងប្រវ័ញ្ចថវិកាជាច្រើនម៉ឺនដុល្លារទាក់ទងនឹងការរៀបចំដំណើរទៅមើលព្រំដែនកម្ពុជា-រៀតណាម ជាការប្រព្រឹត្តិអំពើពុករលួយ ឬជារឿងនយោបាយ ?
បទល្មើសពុករលួយ មានន័យថាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយរួមមាន បទស៊ីសំណូក កេងប្រវ័ញ្ច ជំនួញឥទ្ធិពល ជាដើម។ល។ ហើយក៏មានវិសាលភាពអនុវត្តចំពោះអំពើពុករលួយ គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពលរដ្ឋទាំងអស់ដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត មានន័យថា ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុក ខណ្ឌ សង្កាត់ ឃុំ ដែលស្ថិតនៅក្នុងមុខតំណែង ហើយបានយកតួនាទី និងបុណ្យសក្តិ របស់ខ្លួនទៅអូសទាញ បញ្ចុះបញ្ចូលអ្នកដ៏ទៃដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុម ឬបក្ខពួក និងបង្កឲ្យមានជាទំនាស់ផលប្រយោជន៍ ហើយត្រូវបានបុគ្គលណាម្នាក់ក្នុងក្រុមដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ នោះអង្គភាពនេះនឹងមាននីត្យានុកូលភាពក្នុងការតាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ រួមទាំងចាត់វិធានការ ទាំងនៅក្នុងស្ថាប័នរដ្ឋ អង្គភាពសាធារណៈ និងឯកជនស្របតាមនីតិវិធីរបស់ខ្លួន ។
ចំពោះករណីរបស់តំណាងរាស្ត្រម្នាក់នោះ ជាអង្គហេតុ គឺដោយសារតែមានអ្នកដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងទំនាស់ផលប្រយោជន៍ បើនិយាយឲ្យចំគឺការចែកលុយមិនស្មើគ្នា ឬអាចដូចពាក្យចាស់ពោលថា « ដង្កូវចេញពីសាច់ឯង » ។ ម្យ៉ាងទៀត សហសេវិករបស់លោកក៏បានជួយផ្តល់ព័ត៌មាន និងភស្តុតាងផងដែរ ដោយសហសេវិករូបនោះបានបញ្ជាក់ថាទឹកប្រាក់ភាគច្រើនបានមកពីបារាំង និងអាមេរិកហើយថាបើតាមលោកដឹងថវិកាទាំងនោះសរុបមានជាង២ម៉ឺនដុល្លារ។សហសេវិករូបនោះក៏បានសារភាពផងដែរថា រាល់លើកពេលដែលចុះធ្វើសកម្មភាព គឺក្រុមការងារទទួលថវិកាពីក្រៅប្រទេស ចាប់ពី ១,៥ម៉ឺន ទៅ ២ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ ក៏អាចនិយាយបានដែរថារាល់សកម្មភាពប្រមូលកម្លាំងតវ៉ាកន្លងមក វាមិនមែនជាសកម្មភាពស្នេហាជាតិអីនោះទេ តែជាវិធីរកប្រាក់តាមរបៀបងាយៗ ដោយការកេងប្រវ័ញ្ចផលប្រយោជន៍ដោយខុសច្បាប់មកចែកគ្នា ប៉ុន្តែនៅពេលចែកមិនស្មើគ្នាទើបនាំឲ្យមានទំនាស់ផលប្រយោជន៍បែបនេះ ។
មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ គឺជាអំពើប្រព្រឹត្តិដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលយក ទទួល ឬរក្សាទុកដោយផ្ទាល់ ឬដោយប្រយោល នូវផលប្រយោជន៍អ្វីមួយនៅក្នុងប្រតិបត្តិការណាមួយ ដែលអ្នករាជការ ឬពលរដ្ឋទទួលអាណត្តិសាធារណៈនោះមានភារៈកិច្ចរ៉ាប់រងទាំងស្រុង ឬមួយផ្នែក នូវការឃ្លាំតាមដាន ឬទូទាត់ ។
ដូច្នេះផ្អែកលើអង្គហេតុនៃពាក្យបណ្តឹងចំនួន៣ ដែលបានចោទថាទឹកប្រាក់ភាគច្រើននៃថវិកាដែលទទួលបាននោះត្រូវបានតំណាងរាស្ត្រម្នាក់នោះកេងប្រវ័ញ្ច និងចម្លើយសារភាពរបស់សហសេវិករបស់ខ្លួនទាំងប៉ុន្មាន គឺអង្គភាពប្រឆាំងអំពើពុករលួយ ពិតជាមានសិទ្ធិ និងសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការស្នើសុំឲ្យមានការបំភ្លឺលើពាក្យប្តឹងចោទប្រកាន់នេះយ៉ាងប្រាកដ ហើយក៏មិនបានទាក់ទងទៅនឹងរឿងនយោបាយស្អីនោះដែរ ប៉ុន្តែវាទាក់ទងទៅនឹងអ្នកនយោបាយដែលប្រព្រឹត្តិខុសច្បាប់ប៉ុណ្ណោះ ៕
ដោយ៖ សួន ចំរើន