ជា​រឿងនយោបាយទៀត​មែនទេ?​

ចែករំលែក៖

តើ​​ករណីរបស់​​តំណាង​រាស្ត្រ​​ម្នាក់​ ដែល​ត្រូវបានគេ​ប្តឹង​​ចំនួន៣​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពីបទ​កេងប្រវ័ញ្ច​ថវិកា​​​​ជាច្រើន​ម៉ឺន​ដុល្លារទាក់ទង​​នឹង​ការរៀបចំ​ដំណើរ​ទៅ​មើល​ព្រំដែន​កម្ពុជា​-រៀ​ត​ណា​ម​ ​ជាការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ ឬជារឿង​នយោបាយ ​​?

បទល្មើស​ពុករលួយ​ មានន័យថា​ជាបទ​ល្មើស​ព្រហ្មទណ្ឌ​ ដែលមាន​ចែង​នៅក្នុង​ជំពូក​ទី​៦​ នៃ​ច្បាប់​ស្តី​ពី​​ការ​ប្រឆាំង​អំពើពុករលួយ ដោយ​រួម​មាន​ បទស៊ីសំណូក​ ​កេង​ប្រវ័ញ្ច​ ​ជំនួញឥទ្ធិពល​ ជាដើម។ល​​។​ ហើយ​​ក៏​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​អំពើពុករលួយ​ គ្រប់​រូប​ភាព​ គ្រប់​វិស័យ​ និង​គ្រប់​ជាន់​ថ្នាក់​ នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។​

ពលរដ្ឋទាំងអស់​ដែលទទួល​អាណត្តិ​សាធារណៈដោយ​ការ​បោះ​ឆ្នោត​​ មានន័យ​ថា​ ជា​សមាជិក​​ព្រឹទ្ធសភា​ រដ្ឋសភា​ ក្រុម​ប្រឹក្សារាជធានីខេត្ត ក្រុង​ស្រុក ខណ្ឌ សង្កាត់​ ឃុំ ដែល​ស្ថិត​នៅ​ក្នុង​​មុខ​តំណែង​ ហើយ​បាន​យក​តួនាទី​ និង​បុណ្យ​សក្តិ​ របស់​ខ្លួនទៅ​អូស​ទាញ​ បញ្ចុះបញ្ចូល​​អ្នក​ដ៏ទៃ​​ដើម្បី​​ទទួល​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ ក្រុម​ ឬបក្ខពួក​ និង​បង្ក​ឲ្យ​មាន​ជាទំនាស់​ផល​ប្រយោជន៍​ ហើយ​ត្រូវ​បានបុគ្គល​​ណា​ម្នាក់​ក្នុង​​ក្រុម​​​ដាក់​ពាក្យ​ប្តឹង​​មក​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ នោះ​អង្គភាព​នេះ​នឹង​មាន​នីត្យានុកូល​ភាព​​ក្នុង​ការ​តាម​ដាន​ ស៊ើប​អង្កេត​ ត្រួតពិនិត្យ​ និង​ធ្វើ​ការ​​សិក្សា​​ស្រាវជ្រាវ​ រួម​ទាំង​ចាត់​វិធាន​ការ​ ទាំង​នៅក្នុង​ស្ថាប័ន​រដ្ឋ​ អង្គភាព​សាធារណៈ និង​ឯកជន​​​​ស្រប​តាម​នីតិវិធី​របស់ខ្លួន​​ ។​​

ចំពោះ​ករណី​របស់​តំណាង​រាស្ត្រ​ម្នាក់​នោះ​ ជាអង្គហេតុ ​គឺ​ដោយសារ​តែ​មាន​អ្នក​ដាក់​ពាក្យ​បណ្តឹង​​​ទៅ​​អង្គភាព​​ប្រឆាំង​អំពើពុករលួយ​​​​ទាក់​ទង​នឹង​ទំនាស់​ផល​ប្រយោជន៍​ បើ​និយាយ​ឲ្យ​ចំ​​គឺ​ការ​​ចែក​លុយ​មិន​​ស្មើ​​គ្នា ឬអាច​ដូច​ពាក្យ​ចាស់​ពោលថា​ « ដង្កូវ​ចេញពីសាច់​ឯង »​ ។​ ម្យ៉ាងទៀត​ សហសេវិក​​របស់​​លោក​ក៏​បាន​ជួយ​ផ្តល់​ព័ត៌មាន​ និង​ភស្តុតាង​​ផង​ដែរ​ ដោយ​សហសេវិករូបនោះ​បាន​បញ្ជាក់​ថាទឹកប្រាក់​​​​ភាគច្រើនបាន​​មកពី​បារាំង និង​អាមេរិក​​ហើយ​ថាបើ​តាម​លោក​ដឹង​​ថវិកា​ទាំង​នោះ​សរុប​​មាន​​ជាង​២ម៉ឺន​ដុល្លារ​​។សហសេវិករូប​នោះ​ក៏បានសារភាព​ផង​ដែរ​ថា​ រាល់​លើក​ពេល​​ដែល​ចុះ​​ធ្វើ​​សកម្មភាព​ ​គឺ​ក្រុម​ការងារ​​​​ទទួល​ថវិកា​​ពី​ក្រៅប្រទេស ចាប់ពី ១,៥ម៉ឺន ទៅ ២ម៉ឺន​ដុល្លារ​អាមេរិក​។ ដូច្នេះ​ ក៏អាច​និយាយបាន​ដែរ​ថារាល់​សកម្មភាព​ប្រមូល​កម្លាំង​តវ៉ា​កន្លង​មក​​ វា​មិន​​មែន​​ជា​​សកម្មភា​ព​ស្នេហាជាតិ​អី​នោះ​ទេ​ តែ​ជាវិធី​រក​ប្រាក់​​តាម​របៀប​ងាយៗ ដោយការ​កេងប្រវ័ញ្ច​​ផលប្រយោជន៍​​ដោយខុសច្បាប់​​មក​ចែក​គ្នា​ ប៉ុន្តែ​​នៅ​​ពេល​​ចែក​​មិន​​ស្មើ​គ្នា​ទើបនាំ​ឲ្យ​​មាន​​ទំនាស់​​​ផលប្រយោជន៍បែបនេះ ​។​

មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ​ ចែង​ថា​ ការកេង​យក​ផល​ប្រយោជន៍ដោយ​ខុស​ច្បាប់​ គឺ​ជា​អំពើ​​ប្រព្រឹត្តិ​ដោយ​អ្នក​រាជការសាធារណៈ ឬដោយ​ពលរដ្ឋ​​ទទួលអាណត្តិ​សាធារណៈដោយ​ការ​បោះឆ្នោត​ ដែលយក ទទួល ឬរក្សាទុក​ដោយផ្ទាល់​ ឬដោយ​ប្រយោល​ នូវ​ផល​ប្រយោជន៍អ្វីមួយ​នៅក្នុង​ប្រតិបត្តិការណាមួយ​ ដែលអ្នករាជការ ឬពលរដ្ឋ​ទទួលអាណត្តិសាធារណៈនោះ​មាន​ភារៈកិច្ច​​រ៉ាប់រង​​ទាំងស្រុង​​ ឬមួយផ្នែក នូវការ​ឃ្លាំតាមដាន​ ឬទូទាត់​ ។

ដូច្នេះ​ផ្អែក​លើអង្គហេតុ​នៃពាក្យ​បណ្តឹង​ចំនួន៣​ ដែល​បាន​ចោទថា​ទឹក​ប្រាក់​ភាគច្រើន​នៃ​ថវិកា​ដែល​​ទទួលបាន​​នោះ​​ត្រូវបាន​តំណាង​រាស្ត្រ​ម្នាក់​នោះ​កេង​ប្រវ័ញ្ច​ និង​ចម្លើយ​សារភាពរបស់​សហសេវិករបស់ខ្លួន​​​ទាំង​ប៉ុន្មាន​ គឺ​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​ ពិត​ជា​មាន​សិទ្ធិ​ និង​សមត្ថកិច្ច​គ្រប់​គ្រាន់​​ក្នុង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​បំភ្លឺ​​លើពាក្យ​ប្តឹង​ចោទ​ប្រកាន់នេះយ៉ាង​ប្រាកដ ហើយ​ក៏​មិន​បាន​​ទាក់​ទង​​ទៅនឹង​​រឿង​នយោបាយស្អីនោះដែរ​ ប៉ុន្តែ​វាទាក់ទង​ទៅនឹង​អ្នកនយោបាយ​ដែល​ប្រព្រឹត្តិ​​ខុស​ច្បាប់​ប៉ុណ្ណោះ ​​​៕​​

...

ដោយ៖ សួន ចំរើន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print