ភ្នំពេញ៖ ក្នុងពិធីប្រគល់រ៉ឺម៉កជួលជុលផ្លូវ សំបុកមាន់ ឲ្យទៅមន្ទីររាជធានី-ខេត្តនៅទូទាំងប្រទេសចំនួន៦៥គ្រឿង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ដើម្បីយកទៅជួសជុល ផ្លូវខូចនៅតាមបណ្ដាស្រុកនិងខេត្តនោះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល និងជារដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនបានស្នើឲ្យប្រជាពលរដ្ឋថតរូបផ្លូវណា ដែលមានសំបុកមាន់ផ្ញើមក ក្រសួង ដើម្បីឲ្យក្រសួងបានដឹង ហើយបញ្ជូនអ្នកជំនាញទៅជួសជុល។
លោកទេសរដ្ឋមន្រី្តក៏បានថ្លែងឲ្យដឹងទៀតថា នៅឆ្នាំ២០១៧ខាងមុខក្រសួងនឹងមានគម្រោងទិញរ៉ឺម៉ក និងរថយន្តសម្រាប់ជួសជុលផ្លូវដែលមានសំបុកមាន់បន្ថែមទៀតប្រហែលជា២០០គ្រឿង ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ២០១៧នេះតទៅ មន្រ្តីស្ថិតក្រោមក្រសួងត្រូវតែ គូសគំនូសផ្លូវមានសំបុកមាន់ ។ទាំងអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ បើកផ្លូវន្លែងណាមានសំបុកមាន់ ហើយអត់មានគំនូសពណ៌សទេ ត្រូវរាយការណ៍មកក្រសួងដោយថតផ្ញើមកហ្វេសប៊ុករបស់ក្រសួងសាធារណការ ព្រោះយើងខ្ញុំមិនអាចមើលបាន រាប់រយម៉ឺនសំបុកមាន់ នៅទូទាំងប្រទេសបានទេ” ។
លោកស៊ុន ចាន់ថុលអះអាងទៀតថា ចំពោះផ្លូវដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងសាធារណការ គឺក្រសួងមានភារកិច្ចមើលថែទាំផ្លូវ ដែលស្ថិតនៅក្រោមរបស់ក្រសួងប៉ុណ្ណោះ ព្រោះគម្រោងថវិកាទម្លាក់មក គឺបែងចែកទៅតាមក្រសួង ដាច់ដោយឡែកពីគ្នា ។ ផ្លូវដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងមានផ្លូវជាតិ និងផ្លូវខេត្ត ហើយចំណែកផ្លូវក្រោមការទទួលខុសត្រូវ របស់ក្រសួងអភិវឌ្ឍជនបទ គឺក្រសួងនេះជាអ្នកចាត់ចែងដោយខ្លួនឯងចុះ ៕
ដោយ៖ ប្រាថ្នា










