ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបាន៤កញ្ចប់ និងម៉ូតូ២គ្រឿង កាលពីម៉ោង២និង៣០រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ លៅ សូនី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទី២-ឈ្មោះណុល ភារិន អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៣-ឈ្មោះ សើ រស់ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ជនសង្ស័យទាំង៣នាក់ស្នាក់នៅភូមិព្រែកអំពិល និងភូមិក្នុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យបានបើកម៉ូតូមកពីទិញគ្រឿងញៀន ដោយឆ្លងកាត់គោលដៅយាមល្បាតរបស់កម្លាំងនគរបាលមូលដ្ឋាន ទើបមានការសង្ស័យក៏ឃាត់ដើម្បីឆែកឆេរនិងត្រួតពិនិត្យជាបន្តបន្ទាប់ ហើយបានរកឃើញក្រាមសថ្លា ជាថ្នាំញៀនចំនួន៤កញ្ចប់តូច ដែលបក្ខពួកជនសង្ស័យបានរក្សាលាក់ទុកនៅក្នុងខ្លួន ក្នុងបំណងយកទៅប្រើប្រាស់ជាមួយគ្នា ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរមានម៉ូតូ២គ្រឿងផងដែរទី១-ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AH-0539 ទី២-ម៉ាកហុងដាឌ្រីម សេ១២៥ដូចគ្នា ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L-3116។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
...
ដោយ៖ ជ្រោយចង្វា