ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសម្នាក់ក្នុងថ្លុកទឹក បង្កការភ្ញាកផ្អើលដល់សំណាក់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ច ត្រូវបានគេសង្ស័យបណ្ដាលមកពីស្រវឹងស្រាជោកជាំពេក ក៏ដើរធ្លាក់ចូលលង់ស្លាប់បែបនេះតែម្ដង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែចិញ្ចើមផ្លូវចូលវត្តអូរសោម ស្ថិតក្នុងភូមិ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន សល់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើតនៅភូមិតាង៉ែត ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពខាងលើបន្តថា ក្រោយមានការភ្ញាក់ផ្អើលនិងទទួលបានព័ត៌មានខណៈប្រទះឃើញសាកសពនេះ សមត្ថកិច្ចបានសហការគ្នាចុះពិនិត្យជាក់ស្ដែង ប៉ុន្តែពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីឃាត់កម្មនោះទេ សាកសពបុរសរងគ្រោះអាចបណ្ដាលមកពីស្រវឹងស្រាខ្លាំងពេក ហើយបានដើរដួលធ្លាក់ចូលថ្លុកទឹកដែលស្ទើរតែមិនគួរឲ្យជឿថាលង់ស្លាប់សោះ។
ក្រោយពីបានពិនិត្យរួចរាល់មកហើយនោះ ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៉ឹម ពិន