ឆ្នាំ២០១៦ អគ្គិភ័យកើនឡើងច្រើនជាងឆ្នាំ២០១៥

ចែករំលែក៖

ភ្នំពេញ ៖ ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃបានអះអាងថា គ្រោះអគ្គិភ័យឆ្នាំ២០១៦ កន្លងទៅនេះ មានការកើតឡើងចំនួន៦១២លើក បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ មានការកើនឡើងចំនួន២២លើក បណ្តាលឱ្យមានមនុស្សស្លាប់១៤នាក់ គឺមានការថយចុះ២១នាក់ ។

លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធាន នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ថា គ្រោះអគ្គិភ័យឆ្នាំ២០១៦កន្លងមកនេះបាន បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧៦៧ខ្នង ដែលគ្រោះអគ្គិភ័យនេះបង្កឡើង ដោយបញ្ហាចរន្តអគ្គិសនី៤២ភាគរយ ការធ្វេសរហែស៣៨ភាគ រយ និងមិនដឹងមូលហេតុ២១ភាគរយ ។

លោកឧត្តមសេនីយ៍ត្រីបានបន្តថា បញ្ហាចរន្តអគ្គិសនីនេះ នៅតែជាការនាំមុខគេ ក្នុងការបង្កឲ្យមានអគ្គិភ័យកើតឡើង ដែលបញ្ហានេះទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវរៀបចំបណ្តាញអគ្គិសនី នៅក្នុងលំនៅឋានឲ្យមានបច្ចេកទេសស្តង់ដារ ត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ត្រីបានបន្ថែមថា រាជធានីខេត្តដែលមានគ្រោះអគ្គិភ័យច្រើន ជាងគេនៅក្នុងឆ្នាំ២០១៦នេះ គឺមានរាជ ធានីភ្នំពេញការកើនឡើងចំនួន៨០លើក ខេត្ដកំពង់ធំចំនួន៥៣លើក ខេត្ដកណ្តាល ចំនួន៤១លើក និងខេត្ដបាត់ដំបងចំនួន ៤៧លើក។ ដោយឡែកខេត្តដែលមាន ចំនួនគ្រោះអគ្គិភ័យតិចជាងគេក្នុងឆ្នាំ ២០១៦រួមមាន ប៉ៃលិនចំនួន៥លើក មណ្ឌលគិរីចំនួន១១លើក និងរតនគិរី ចំនួន ៧លើក។

ទោះយ៉ាងណាក្ដី បច្ចុប្បន្ននេះ កម្លាំងនគរបាលសម្រាប់ពន្លត់គ្រោះអគ្គិភ័យ នៅទូទាំងប្រទេសមានចំនួន៥៦៩នាក់ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន២៤១ គ្រឿង។

ដោយឡែកស្ថាប័នរដ្ឋ និងឯកជនមួយ ចំនួនមានរថយន្តពន្លត់អគ្គិភ័យផ្ទាល់ខ្លួន ចំនួន៨២គ្រឿងបន្ថែមទៀត៕ ហេង សូរិយា

...

អគ្គីភ័យ អគ្គីភ័យ២ ភ័យអគ្គី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print