ទីក្រុងមូស្គូបន្តជួបនូវរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមចោរកម្ម ដោយក្រសួងសន្តិសុខអាល្លឺម៉ង់ បានចោទប្រកាន់ថា រុស្ស៊ីមានចេតនាបំផ្លាញទំនាក់ទំនងរវាងអឺរ៉ុប នឹងអាមេរិក ដោយប្រើប្រាស់រូបភាពផ្សេងៗគ្នា។
សារព័ត៌មាន Spiegel បានដកស្រង់របាយការណ៍ពីរដ្ឋាភិបាលអាល្លឺម៉ង់យកមកបញ្ជាក់ថា ចារកម្មប្រទេសអាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីជាអ្នកបំផ្លាញទំនាក់ទំនងរវាងអឺរ៉ុប នឹងអាមេរិក។ តាមឯកសារខាងលើ ជាច្រើនឆ្នាំកន្លងមកនេះទីក្រុងមូស្គូបានជះឥទ្ធិពលដល់អឺរ៉ុប ធ្វើឲ្យវិវាទសង្គមកាន់តែធ្ងន់ធ្ងរជាងមុន ហើយបំបែកបំបាក់ទំនាក់ទំនងអឺរ៉ុប-អាមេរិក។
បច្ចុប្បន្ន រដ្ឋាភិបាលអាល្លឺម៉ង់កំពុងតែពិភាក្សា ហើយនឹងលើកយកបញ្ហានេះមកពិភាក្សានៅក្នុងសភា និងពលរដ្ឋអាល្លឺម៉ង់ទាំងមូល ដើម្បីតបតនឹងសកម្មភាពខាងលើ។
នេះមិនមែនជាលើកទីមួយឡើយដែលទីក្រុងមូស្គូ រងការចោទប្រកាន់ពីអឺរ៉ុប។ កន្លងមក ប្រធានាធិបតីជិតបញ្ចប់អាណត្តិរបស់ប្រទេសប៊ុលហ្គារីលោក Rosen Plevneliev បានបញ្ជាក់ថា រុស្ស៊ីបានខិតខំបំផ្លាញប្រទេសតំបន់អឺរ៉ុប និងប្រទេសតំបន់ Balkan ។
តាមប្រសាសន៍លោក Plevneliev បញ្ជាក់ថាវិមានក្រឹមឡាំង មានគម្រោងជាច្រើនក្នុងការបំផ្លាញសាមគ្គីភាពរបស់អឺរ៉ុប។ ដើម្បីសម្រេចគោលដៅទាំងនោះរុស្ស៊ីបាន អនុវត្តយុទ្ធសាស្ត្រ ផ្សព្វផ្សាយ និងជួយដល់ក្រុមប្រឆាំងនៅអឺរ៉ុប។
ក្រៅពីអាល្លឺម៉ង់ មានប្រទេសប៊ុលហ្គារី, ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆេក ក៏បានប្រកាសផងដែរថារុស្ស៊ីបានព្យាយាមបំផ្លាញសន្តិសុខស្ថិរភាពនយោបាយរបស់អឺរ៉ុប។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Antony Machervich បញ្ជាក់ថា មូស្គូមានបំណងបំផ្លាញអឺរ៉ុបតាមរយៈជនភៀសខ្លួន។ ចំណែករដ្ឋមន្ត្រីការពារជាតិឆេកបានបញ្ជាក់ថា រុស្ស៊ីបានគាំទ្រដល់គណបក្សប្រឆាំងដែលគាំទ្ររុស្ស៊ី។
ចំពោះរុស្ស៊ីវិញលោក ពូទីន បានបញ្ជាក់ថា ទីក្រុងមូស្គូបានយកចិត្តទុកដាក់នៅក្នុងទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុប តែមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអឺរ៉ុបឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី