ភ្នំពេញ៖ ទីលានកីឡាសូហ្វតឺន្នីសកម្ពុជា កសាងរួចរាល់ជាង៦០ភាគរយហើយក្នុង ចំណោមទីលានចំនួន៤ដោយសព័ន្ធចំណាយ ថវិកាអស់ជិត៥០ម៉ឺនដុល្លារអាមេរិកបូករួមទាំងសម្ភារបំពាក់ក្នុងទីលានលំដាប់ស្តង់ដារអន្តរជាតិ ។ នេះបើតាមការបញ្ជាក់ របស់លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាប្រាប់អ្នកយកព័ត៌មានឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។
លោក ជា ប៊ុនហេង បានបញ្ជាក់ថា តាមពិតគម្រោងរបស់យើងដំបូងមានខ្ទង់ចំណាយ ត្រឹមតែជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះយើងបានប្តូរនូវស័ង្កសីប្រក់ដំបូលពីស័ង្កសីធម្មតាមកស័ង្កសីមានស្នោទ្រាប់ការពារកម្តៅថ្ងៃដោយមានតម្លៃគុណទ្វេដង។ ជាងនេះទៅទៀតរបងដែលព័ទ្ធជុំវិញ ទីលាននោះក៏បានប្តូរពីដែកដែលមានទ្រនាប់ជ័រមកជាដែកអាលុយមីញ៉ូមជំនួសវិញ គឺវាមានសោភណភាពស្អាតព្រមទាំងធន់នឹងកម្តៅថ្ងៃ និងទឹកភ្លៀងជាដើម ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានបញ្ជាក់ទៀតថា ក្រៅពីធ្វើដំបូលគ្របពីលើទីលានសូហ្វតឺន្នីស ហើយសមាគមកីឡាក្រសួងមហាផ្ទៃក៏ទទួលបានអគារ១មានកម្ពស់២ជាន់ ក្នុងនោះជាន់ ផ្ទាល់ដីធ្វើជាស្នាក់ការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាជាន់ទី១សម្រាប់ការិយាល័យរដ្ឋបាល និងជាន់ទី២សម្រាប់ផ្តល់ជូន សមាគមកីឡាយុទ្ធសិល្ប៍ក្រសួងមហាផ្ទៃ ដែលមានសមាជិកប្រមាណ១៥ប្រភេទ កីឡារួមបញ្ចូលគ្នាមកហ្វឹកហាត់នៅលើ អគារនេះ។
ទន្ទឹមនឹងសមិទ្ធផលទីលានថ្មីខ្នាតអន្តរជាតិខាងលើនេះ លោក យី សារិត គ្រូបង្វឹក ក្រុមជម្រើសជាតិ កីឡាសូហ្វតឺន្នីសកម្ពុជាមានសេចក្តីខ្ញុំសង្ឃឹមនិងជឿជាក់ថា នៅថ្ងៃ អនាគតកីឡាករកីឡាការិនីសូហ្វតឺន្នីសរបស់កម្ពុជានឹងកើនកម្រិតលីវែលនៅក្នុងលេខរៀងពិភពលោកតាមរយៈការបន្ថែមម៉ោងហ្វឹកហាត់ និងការធ្វើម្ចាស់ផ្ទះក្នុងការប្រកួតផ្សេងៗដើម្បីដកស្រង់បច្ចេកទេស ។
ជាមួយគ្នានោះដែរកីឡាករជម្រើសជាតិ អន សម្បត្តិ បានសម្តែងនូវទឹកចិត្តរំភើប ចំពោះសមិទ្ធផលដែលថ្នាក់ដឹកនាំកីឡាសូហ្វ តឺន្នីសកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំរបស់ សមាគមកីឡាក្រសួងមហាផ្ទៃដែលបានខិតខំកសាងទីលានដ៏ស្រស់ស្អាតសម្រាប់ឲ្យកីឡាករកីឡាការិនីហ្វឹកហាត់ ។ កីឡាករ ឆ្នើមសូហ្វតឺន្នីសរូបនេះបានបញ្ជាក់ ខ្ញុំសង្ឃឹម ថា ក្រោយពីមានទីលានថ្មីលំដាប់ស្តង់ដារអន្តរជាតិ ហើយ ការហ្វឹកហាត់ របស់ពួកខ្ញុំនិងកាន់តែមានភាពរីកចម្រើនជាងមុនតាម រយៈការផ្តលគ្រូពីបណ្តាសហព័ន្ធកីឡាសូហ្វតឺន្នីសកូរ៉េផងនោះ៕ សារីម